ភ្នំពេញ៖ ការដាក់តាំងបង្ហាញជាលក្ខណៈអន្តរជាតិដ៏ធំប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញឱ្យភ្ញៀជាតិ អន្តរជាតិ បានដឹងពីភាពទំនើប ស៊ីវិល័យ និងទាន់សម័យ របស់ប្រទេសកម្ពុជា មានផលិតផលផ្គត់ផ្គង់ និងសម្រើសេវាកម្ម ផ្នែកម្ហូបអាហារ និងបដិសណ្ឋារកិច្ច ដែលមានគុណភាព ចំនួន៣០០ប្រភេទ មកពីបណ្តារប្រទេសចំនួន២៦នៅជុំវិញពិភពលោក ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុងពិព័រណ៌អន្តរជាតិ លើវិស័យម្ហូបអាហារ និង បដិសណ្ឋារកិច្ច ដែលបានធ្វើនៅកោះពេជ្រដោយសហព័ន្ធទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា ដំណើរការនៃការងារទេសចរណ៍ អាចដំណើររីកចំរើនបាន ដ៏រាបណាម្ហូបអាហារ ប្រកបដោយគុណភាព អនាម័យ និងមានស្តង់ដា ជាកត្តាដ៏សំខាន់ សម្រាប់ទាក់ទិញវិស័យទេសចរណ៍ តាមរយៈពិព័រណ៌នេះពិតជាបានជួយលើកកម្ពស់យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជាផងដែរ។
លោករដ្ឋលេខធិការបានបញ្ជាក់ថា ក្រសួងបានជំរុញឱ្យមន្ទីរទេសចរណ៍ ពង្រឹងផ្នែកសេវាកម្ម គុណភាព អនាម័យ សុវត្ថិភាព និងភាពបៃតង ចំពោះម្ហូអាហារ ពិសេសលើកទឹកចិត្ត និងប្រើប្រាស់ កសិផល ដែលផលិតដោយកសិករ នៅក្នុងសហគមន៍នានា ក្នុងប្រទេសកម្ពុជា ហើយនឹងបន្តពង្រឹងបន្ថែមទៀត លើវិស័យបដិសណ្ឋារកិច្ច នៅគ្រប់ទីកន្លែងទូទាំងប្រទេស តាមរយៈការប្រកួតប្រជែង គុណភាព និងអនាម័យ។
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិដ៏ធំប្រចាំឆ្នាំនេះដែរ ត្រូវបានប្រតិបត្តិការជាតិ និងអន្តរជាតិ សម្តែងនូវការស្វាគមន៍ នឹងចាត់ទុកថា ជាឱកាសមួយដែលខ្លួនបានបង្ហាញពីផលិតផល ដែលមានគុណភាព នាំចូលពីបណ្តាប្រទេសជឿនលឿនមកដាក់លក់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
អ្នកស្រី ឈឹម ចិន្តា ម្ចាស់អាជីវកម្ម វ៉ាញណេស ដែលនាំចូល និងចែកចាយ ស្រាទំពាំងបាយជួ នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា តាមរយៈការតាំងពិព័រណ៌នេះ លោកស្រីមើលឃើញថា កម្ពុជាពិតជាមានភាពរីកចំរើន ហើយផលិតផល ដែលមានគុណភាព ផលិតនៅបរទេសជាច្រើន បាននិងកំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និង ភាពជឿនលឿនរបស់ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវ ទេសចរណ៍។
លោកស្រីបញ្ជាក់ថា ដោយមើលឃើញបែបនេះ ទើបលោកស្រី បាននាំយកនូវស្រាទំពាំងបាយជួរគ្រប់ប្រភេទ មកតាំងបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងថា នៅកម្ពុជា មានស្រាទំពាំងបាយជួរ ដែលមានគុណភាព សម្រាប់បម្រើ និងទទួលភ្ញៀវ ដូចបណ្តាប្រទេសជឿនលឿននៅលើពិភពលោកដែរ ។
នេះជាលើកទី៦ នៃពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ ដ៏ធំបំផុតនៅកម្ពុជា (CAMFOOD’18 / CAMHOTEL’18) ដែលនឹងត្រូវបានរៀបចំឡើង ជាព្រឹត្តិការណ៍ដាក់តាំងបង្ហាញ ផលិតផលម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិសណ្ឋារកិច្ច នៅលើវេទិកាតែមួយ។ អ្នកចូលរួមទស្សនា ជាង ប្រាំបីពាន់នាក់ (៨,០០០ នាក់) សុទ្ធសឹងជាអ្នកជំនួញមកពីវិស័យបដិសណ្ឋារកិច្ច និងវិស័យម្ហូបអាហារ និងភេសជ្ជៈ នឹងចូលរួមក្នុងព្រឹត្ដិករណ៍ពិព័រណ៍នេះ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាទកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018។
ពិព័រណ៍ CAMFOOD’18 / CAMHOTEL18 ទទួលបានការគាំទ្រ និងសហការណ៍ដោយ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមចុងភៅកម្ពុជា និងសមាគមន៍អ្នកជំនាញស្រាក្រហមកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនAMB Tarsus Events Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្នែកម្ហូបអាហារស្រដៀងគ្នាពីរផ្សេងទៀតរួមមាន MYANFOOD & HOTEL ត្រូវបានរៀបចំឡើងនៅប្រទេសមីយ៉ាន់ម៉ា និង LAOFOOD & HOTEL ត្រូវបានរៀបចំឡើងនៅប្រទេសឡាវ ផងដែរ ៕ស តារា