ខេត្តរតនគិរីៈ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាស៊ុយ មានកាព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារពួកគាត់ត្រូវចោរ ចូលលួចយកទ្រព្យសម្បត្តិ ញឹកញាប់ជាបន្តបន្ទាប់ ដូចជា មាន់ ទា អាគុយ និង ទូរស័ព្ទដៃជាដើម ។ ល ។
នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានលំនៅឋានមួយកន្លែងស្ថិតនៅភូមិតសុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានចោរចូលលួចយកលុយអស់ចំនួន៤លានរៀល ស្មើ និង(មួយពាន់ដុល្លារ) ដែលម្ចាស់ផ្ទះបានទុកនៅក្នុងកាបូបយួរមួយ ហើយដាក់នៅលើរនាបផ្ទះ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អុន វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ម៉ែ ចន្ធា អាយុ២៧ឆ្នាំមុខរបរលក់ឥវ៉ាន់ចាប់ហួយបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់បានទុកលុយនៅរនាបផ្ទះក្បែរជញ្ជាំងទាំងពីរនាក់ប្តី ប្រពន្ធ ដេកនៅលើគ្រែក្នុងផ្ទះទល់ភ្លឺ ។
លុះព្រឹកឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ភ្ញាក់ឡើងពីដំណេក នាំគ្នាដើររកកាបូបលុយ មិនឃើញ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង ។
ក្រោយពីបានដឹងថា បាត់លុយមក ក៏នាំប្រពន្ធដើររកប្រទះឃើញដានជើងជាប់ នឹងដីខ្សាច់មួយហើយមានតុ និងកៅអី មានកាំបិតខ្វែវមួយ នៅខាងក្រោយផ្ទះ ដែលចោរបានធ្វើសកម្មភាពឡើង យកលុយតាមបង្អួចផ្ទះនោះ ។
ម្ចាស់ផ្ទះបានប្រាប់ថា គាត់មិនដឹងចោរ ចូលលួចយកលុយនោះ នៅម៉ោងប៉ុន្មាននោះទេ ព្រឹកឡើងទើបមានការឆោឡោ គាត់សង្ស័យថា ដានជើងនេះមានតែចោរទេ កន្លងមក គេបានបាត់មាន់ ទា ក៏បានឃើញដានជើងនេះដែរ ។
ម្ចាស់ផ្ទះបន្តថា លុយដែលបាត់ទៅនោះគាត់បានមកពីការលក់ជ្រូក បានថ្មីៗនេះឯង ពេលនេះ ស្រាប់តែបាត់ទៅហើយ ។
លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា ចោរដែលបានធ្វើសកម្មភាពកន្លងមកក្នុងដែនសមត្ថកិច្ចលោកគ្រប់គ្រងនោះ លោកក៏បានដៅជាមុខសញ្ញាបានខ្លះហើយដែរ ហើយក៏បានចាត់ប្រជាការពារភូមិជួយសហការគ្នាដែរ ដើម្បីឲ្យជួយស្វែងរកចាប់មុខសញ្ញាឲ្យបានច្បាស់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕ ជីវ័ន្ត