ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ក្រោយបង្រ្កាបបានជាង២គីឡូក្រាម, កាំភ្លើងម៉ាកឡុក៣ដើម និងកាំភ្លើងប្រើប្រាស់ខ្យល់១ដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខជនសង្ស័យមេខ្លោង និងបក្ខពួកគ្រឿងញៀន៥នាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយរងការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ដើម និងរថយន្ត២គ្រឿង ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់នោះចំណាយពេល២ថ្ងៃចុងក្រោយធ្វើនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបន្តឈានទៅបង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាបខេត្តសៀមរាបរកឃើញគ្រឿងញៀនលាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាមនោះ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួក និងជាមេខ្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយប្រើប្រាស់វិធានការសម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថាជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង ។ ការបង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនwy៨៧៦៤គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមតំហ្វេតាមីនទឹកកកទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀនកេតា មីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម,រថយន្តចំនួន២គ្រឿង ។

លោកស្នងការឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាលបន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា អង្គភាពអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយ និងលប់បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ ។

លោកព្រះរាជអាជ្ញាបញ្ជាក់ឱ្យដឹងទៀតថា គ្រឿងញៀនមានផលប៉ះពាល់ធ្ងនធ្ងរដល់ សង្គមខ្មែរ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀនអាចទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម ។

ជនសង្ស័យគ្រឿងញៀន និងវត្ថុតាងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖