ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្ដ​ចុះ​ត្រួតពិនិត្យ​ជនបរទេស នៅតាមហាង​កាហ្វេ ម៉ាស្សា-កោស​ជប់ ឃាត់ខ្លួនមនុស្ស៨នាក់ លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋាន​អន្តោប្រវេសន៍ នៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យលើជនបរទេសដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ជាក់ស្តែងកាលពីរសៀលថ្ងៃពុធ ១០កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បាន​ត្រួតពិនិត្យ​គោលដៅនៅតាម ហាង​កាហ្វេ ម៉ាស្សា-កោស​ជប់ ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញដោយរកឃើញថា ជនជាតិវៀតណាមនិងជនជាតិចិន៨នាក់ លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី ។

ក្នុងប្រតិបត្តិការខាងលើ​នេះ ​ស្ថិតក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សហការ​ជាមួយ​កម្លាំងស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាក់ស្តែង​បាន​ត្រួតពិនិត្យឃើញ ជនបរទេស​ចំនួន១៩នាក់ ស្រី១០នាក់ មាន២សញ្ជាតិ​ គឺ​ជនជាតិ​វៀតណាម​ចំនួន១៨នាក់ ក្នុងនោះស្រី១០នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់ ដោយមាន​លិខិតឆ្លងដែន​វៀតណាម ចំនួន០៥ក្បាល, ឯកសារ​អន្តោ​ប្រវេ​សន្ត​ចំនួន០៦សន្លឹក។

ក្នុងនោះ​ចំពោះ​ជនបរទេស​ចំនួន៨នាក់ ស្រី០៥នាក់ (វៀតណាម និង​ចិន) លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី។ ប៉ុន្ដែ​បុរស​ជនជាតិ​ចិន​ម្នាក់ គឺជា​ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព​តាមឃ្លាំមើល​រថយន្ត​រប​ស់​នាយកដ្ឋាន ន៧ ជាប្រចាំ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

ក្រោយឃាត់ខ្លួន រួច​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​នាំខ្លួន​ជនបរទេស​ចំនួន៨នាក់​ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​បន្ត៕ស តារា


ចែករំលែក៖