ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់ភ្លាមៗ ដ៍រន្ធត់ នៅនឹងកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូបុកជាមួយរថយន្ត ខណៈដែលកំពុងធ្វើចរាចរណ៍ច្រាស់ទិសគ្នា និងបុរស ស្រ្តីចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ ក្នុងហេតុការណ៍រថយន្តបើកកៀរ និងបុកជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៥.១៦៦ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ១គ្រឿង(រត់គេច) នៅគ្រាដែលធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានកៀរស្រ្តីម្នាក់កំពុងឈរលើចិញ្ចើមផ្លូវឈ្មោះ ហង្ស សុផាត អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកបន្តថា នៅវេលាម៉ោងដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៥.១៤៦ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងផងដែរ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN 6528 បើកបរញាតិជន(រត់គេច)ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានកៀរអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 4587 កំពុងឌុបគ្នាចំនួន ៣នាក់ នៅគ្រាដែលធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច(ច្រាសទិសគ្នា) បណ្ដាលឲ្យស្រ្តីជាម្ដាយ កូនស្រី និងកូនប្រុសបើកបរម៉ូតូ រស់នៅភូមិបារ៉ែមក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល របួសបាក់ជើង និងភ្លៅខាងឆ្វេងទាំងអស់គ្នាយ៉ាងរន្ធត់ ចំណែករថយន្តបង្កឃើញហេតុការណ៍បែបនេះបន្ថែមល្បឿនរាប់គីឡូម៉ែត្រទៀត ទើបឈប់រថយន្តរត់គេចខ្លួនបាត់ស្រម៉ោល ខណៈនោះជនរងរបួសម្ដាយ និងកូនៗសមត្តកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកថា លុះនៅវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥.១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរាចរណ៍ម្ដងទៀត ដោយបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក សុីប៊ីអ ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 1G 9447 ឈ្មោះ ផន ប៉យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជែងរថយន្តធុនធំនៅពីមុខ ក៏បានជ្រុលបុកជាមួយរថយន្ត ១គ្រឿងម៉ាក នីសាន់ហ្រ្វនធៀ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 2607 ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យភាគ្គីអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ចំពោះវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ច បានយកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន