ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់លិចស្រឡាងដឹកអ្នកដំណើរលើដងទន្លេទឹកសាបធំបំផុតនៅទ្វីបអាហ្វ្រិក អាចមានអ្នកស្លាប់កើនឡើងជាង ២០០នាក់

ចែករំលែក៖

គ្រោះថ្នាក់លិចស្រឡាងដឹកអ្នកដំណើរនៅដងទន្លេទឹកសាបធំបំផុត នៅទ្វីបអាហ្វ្រិក អាចបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាង ២០០នាក់ ដោយសារតែស្រឡាងលិចចំពេលវេលាជិតយប់ ហើយមេឃងងឹតពិបាក់ក្នុងការស្វែងរកជនរងគ្រោះ ។

ប្រព័ន្ធផ្សព្វផ្សាយបរទេស​បានរាយការណ៍ថា មកទល់ពេលនេះ មានមនុស្ស៤៤នាក់ស្លាប់ នៅពេលដែល ស្រឡាង MV Nyerere ដឹកអ្នកដំណើរបានលិចនៅលើដងទន្លេ Vitoria ប្រទេស Tanzania ។ មន្ត្រីក្នុងតំបន់បង្ហាញពីក្តីបារម្ភថា អ្នកស្លាប់អាចនឹងកើនឡើងដល់ជាង២០០នាក់ ។

សារព័ត៌មានAP បានដកស្រង់សម្តីលោកJohn Mongella មន្ត្រីក្នុងតំបន់ Mwana បានឲ្យដឹងថា មកទល់ពេលនេះ ទើបតែមានមនុស្ស ៣៧នាក់ប៉ុណ្ណោះ ដែលបានជួយសង្គ្រោះ ក្រោយពេលស្រឡាង MV Nyerere លិច នៅជិតកោះUkara ។ ស្រឡាងខាងលើ ដឹកអ្នកដំណើរប្រមាណ ជាង៣០០នាក់។ លោកបន្តទៀតថា ពេលនេះយើងផ្តោតទៅលើការជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពជួយសង្គ្រោះត្រូវបាន ផ្អាករង់ចាំមេឃភ្លឺ ។ ទីតាំងស្រឡាងលិច ស្ថិតនៅជិតកំពុងផែកោះ Ukara កាលពីល្ងាច់ ថ្ងៃទី២០ ខែកញ្ញា ។ នៅពេលនេះ គេមិនអាចដឹងពីចំនួនមនុស្សនៅលើស្រឡាងនោះឡើយ ដោយសារតែ បុគ្គលិកលក់សំបុត្រ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ហើយសម្ភារឯកសារនានា ក៏បានបាត់អស់ ។ ក្រៅពីដឹកមនុស្ស ក៏មានទំនិញជាច្រើន នៅលើស្រឡាងផងដែរ ។ មូនហេតុបណ្តាលឲ្យលិច មិនទាន់ដឹងនៅឡើយ ប៉ុន្តែមានការសន្និដ្ឋានថា ស្រឡាងអាចដឹកលើសទម្ងន់ ។

ទន្លេ Victoria គឺជាទន្លេទឹកសាប ធំបំផុតនៅទ្វីបអាហ្វ្រិក ឡោមព័ទ្ធដោយប្រទេស Tanzania ,Kenya និង អ៊ុយហ្គានដា ។ ទន្លេខាងលើ គឺជាតំបន់ដែលតែងតែកើតឡើងនូវសោកនាដកម្មជាច្រើន ។ នៅឆ្នាំ១៩៩៦ មានមនុស្សជាង ៨០០នាក់ស្លាប់ ក្នុងការលិចស្រឡាង MV Bukoba ។ កាលពី៦ឆ្នាំមុន ក៏មានមនុស្ស ១៤៤នាក់ស្លាប់ និងបាត់ខ្លួនដោយលិចស្រឡាងដូចគ្នា នៅជិតកោះ Zanzibar ប្រទេស Tanzania ៕ ម៉ែវ សាធី


ចែករំលែក៖