ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចិនអនាធិបតេយ្យ២ដែលរកស៊ីមិនមានអាជ្ញាបណ្ណ​ ត្រូវសមត្ថកិច្ចបញ្ជាឲ្យបិទទ្វារនៅ​កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ​៖ ​ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ,​ អាជ្ញាធរ​ចម្រុះ​ សម្រេច​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន​ ២កន្លែង ​នៅ​កោះពេជ្រ​ ដែលអត់ច្បាប់​ប្រតិបត្តិការ​អាជីវកម្ម​លើ​សេវាកម្ម​ផ្ញើ វេរ ប្រាក់ ប្តូរ​ប្រាក់​ ក៏ ដូចជាប្រមែប្រមូល ប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេលិចត្រូនិក (digital asset/cryptocurrency)។

អាជ្ញាធរជំនាញ និងសមត្ថកិច្ច​ចម្រុះ​ រួម​មាន​ក្រុម​ការងារ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​ កម្លាំង​នគរបាលជាតិ​ នៃ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​មួយ​ ឈ្មោះ​ BIQUAN TECHNOLOGY (ប៊ីឈាន​ តិចណូឡូជី​)​ ស្ថិត​នៅ​ផ្ទះ​លេខ​ S-58 ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

ទីតាំង​មួយ​ទៀត ​ឈ្មោះ​ Hui Shang International Remittances មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ​ S-59 ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ គឺ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ រវាង​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​ អគ្គស្នងការ​នគរបាល​ជាតិ​ ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និង ការចរាចរខុសច្បាប់ កាស់អេលិចត្រូនិក។

សមាសភាព​ចូលរួម​ មាន​លោក​ សៀង​ ធីរិទ្ធ​ អគ្គនាយក​រង​ នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ,​ លោក​ឧត្ដមសេនីយ៍​ទោ​ មៀច​ ដេវីត​ អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ នៃ​អគ្គស្នងការ​នគរបាលជាតិ​ ,​ លោក​ ម៉ែន​ ភក្តី​ ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ មន្ត្រី​មួយ​ចំនួន​ទៀត​ ។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ,​ អាជ្ញាធរ​បាន​សម្រេច​ ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​​ រហូត​ដល់​មាន​ការ​អនុញ្ញាត​ ឬ​ អាជ្ញាប័ណ្ណ​ស្របច្បាប់​ ,​ ណាត់​ជួប​បង្ហាញ​អាជ្ញាប័ណ្ណ​ ឬ​ ការ​អនុញ្ញាត​ប្រកប​អាជីវកម្ម​ នៅ​ថ្ងៃ​ពុធ​ ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ទីតាំង​ដដែល​ ជាមួយ​វត្តមាន​ម្ចាស់​ក្រុមហ៊ុន​ ,​ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ ចរាចរ​ ទិញ​ លក់​ ទូទាត់​ កាស់អេឡិចត្រូនិក​ ប្រហាក់ប្រហែល​ និង​ប្រមូល​ប្រាក់​ពី​អតិថិជន​ ,​ ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ​ Logo Coinups និង​ ហាម​រុះរើ​សម្ភារ​ទាំងអស់​នៅ​ក្នុង​អគារ​ចេញ​ពី​ទីតាំង​ដើម​។

លោក​ឧត្ដមសេនីយ៍​ទោ​ មៀច​ ដាវីត អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ នៃ​អគ្គស្នងការ​នគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា៖ សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះ ទៅណែនាំ តម្រូវឲ្យក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ និង លាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជា ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបានពីជាការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ កំហែង យកតាមប្រព័ន្ធអ៊ីនធើណេត ។ល។ ដូច្នេះជនល្មើស មានឱកាសសម្អាត ប្រើប្រាស់ចរាចរណ៍ប្រាក់យកពីជនរងគ្រោះតាមរយះក្រុមហ៊ុនអត់ច្បាប់បែបនេះ និងបញ្ចៀសហិរញ្ញប្បទានភេវរកម្ម ក៏ដូចជាការពារប្រជាពលរដ្ឋ អតិថិជន កុំឲ្យចាញ់បោកចំពោះការបើកអាជីកម្ម ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាត ។

លោកបន្តថា៖ ក្រុម​ការងារ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​កម្លាំង​នគរបាលជាតិ​ នៃ​នាយកដ្ឋាន​កណ្ដាល​ សន្តិសុខ​ ក្រសួង​មហាផ្ទៃ ​បានធ្វើកិច្ចការពិនិត្យរដ្ឋបាលលើការបើកអាជីកម្មប្តូរប្រាក់ កាស់អេឡិចត្រូនិច ពាក់ព័ន្ធនឹងឯកសារផ្លូវច្បាប់ ចៀសវាងប្រជាពលរដ្ឋ អតិថិជន ងាយនឹងរងគ្រោះ ចាញ់បោកក្រុមហ៊ុន បើកអាជីវកម្មអត់ច្បាប់ទាំងនេះ ។

គួរបញ្ជាក់ថា ការបើកអាជីវកម្មប្តូរប្រាក់ ដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ត្រូវ មានទោសទណ្ឌ ដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ ដូចមានចែងក្នុងជំពូកទី២ ពីអន្តរការិយកម្មធនាគារ មាត្រា៥ ក្នុងចំណុចទី៣ បានបញ្ជាក់ថា ៖ អន្តរការីប្រតិស្រុតិ ក្រោមលក្ខខណ្ឌដែលមានកំណត់ ក្នុងបទបញ្ជាឲ្យផ្តល់ជូនធនាគារកណ្តាលជាទៀងទាត់ នូវរបាយការណ៍តាមកាលកំណត់ប្រតិបត្តិការផ្ទេរប្រាក់ ឬការទូទាត់ និងចលនា នៃដើមទុនចេញ និងចូល ដែលបានអនុវត្ត រវាងព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសក្រៅ ទៅតាមរយៈពេល ដែលនឹងកំណត់ដោយធនាគារកណ្តាល ។ ចំណុចទី៥ ក៏បានបញ្ជាក់ផងដែរថា អាជីវករប្តូរប្រាក់ដល់ដៃ ដែលមានទីតាំងអចល័ត ឬចល័ត អាចប្តូរប្រាក់បាន លុះត្រាតែទទួលការអនុញ្ញាតជាមុនពីធនាគារកណ្តាល ។ ករណីនេះ ក៏មានចែងនៅទោសប្បញ្ញតិ្តតាមមាត្រា២១ ៖ ដូចបញ្ជាក់ថា ៖ ជនណាប្រព្រឹត្តបទល្មើសនឹងចំណុច៣ ឬចំណុច៤ ឬចំណុច៥ នៃមាត្រា៥ ឬប្រព្រឹត្តល្មើសនឹងមាត្រា១៧នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជា ប្រាក់ពី១លានរៀល ដល់១០លានរៀល ឬផ្តន្ទាទោសណាមួយ ក្នុងទោសទាំង២នេះ ៕ សុខ ខេមរា


ចែករំលែក៖