ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន យុវជនបែកថ្នាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន យុវជនបែកថ្នាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ធ្វើឲខូចខាតដោយចេតនា” ដែលប្រព្រឹត្តនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះ ត្រូវកំណត់ផ្តន្ទាទោសពី៦(ប្រាំមួយ) ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០ (មួយលាន)រៀល ដល់៤.០០០.០០០ (បួនលាន)រៀល ។

ជនត្រូវចោទមានឈ្មោះ ឈុន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

ជនរងគ្រោះ២នាក់ ឈ្មោះឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីក្រសួងផែនការ និងឈ្មោះសឿន សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រកស៊ីឡានដឹកដី។

ប្រភពពីនគរបាលបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលេី ពេលដែលជនរងគ្រោះឃឹម សុភក្រា កំពុងតែលក់ដូរនៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅជិតទីនោះ ក្នុងសភាពបែកថ្នាំរួចហើយបានដើរកាន់កាំបិត បុ័ងតោ មកបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនតប់តទេ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហើយបានដើរចេញមកដល់ផ្លូវវិញ បានឃើញរថយន្តរបស់ ជនរងគ្រោះសឿន សេងលី បើកមកដល់ភ្លាម ជនសង្ស័យ បានកាន់កាំបិតឈរកាក់មុខហើយ បានកាប់ទៅលើគំរបម៉ាស៊ីនឡាន១កាំបិត និងបានយកដុំឥដ្ឋតាន់គប់ បណ្តាលឲ្យរងកាខូចខាតដូចខាងលើ ៕ ឆ ដា


ចែករំលែក៖