ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីស RX300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ស្តុបក្តាន់ពីរ ក៏បានជែងរថយន្ត មួយ គ្រឿងទៀត បណ្ដាលឲ្យរេចង្កូតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ ឯរថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកដើមត្របែកព្រៃបាក់អស់១ដើម ហើយទៅបុកទ្វារផ្ទះប្រជាពលរដ្ឋបាក់អស់ មួយផ្ទាំងថែមទៀត ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រងុចំណុចស្តុបក្តាន់២ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តៃកុងរថយន្តបង្កមានវ័យប្រហែល៣០ឆ្នាំ ភេទប្រុស មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមសម្តីប្រជាពលរដ្ឋម្នាក់បានឃើញហេតុការណ៍នេះ ប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់បានបើករថយន្ត ម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M.9226 បើកតាមផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច បើកដោយបុរសម្នាក់ យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជែងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកយ៉ាងលឿនមិនប្រយ័ត្ន ក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកដើមត្របែកព្រៃបាក់អស់មួយដើម ហើយដើមត្របែកព្រៃខ្ទាតទៅបុកចំទ្វាររបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ។ ចំណែក រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងជំនាញចរាចរណ៍ ក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ័ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ