ព័ត៌មានទាន់ហេតុការណ៍៖

ក្លាយជាឃាតកវ័យក្មេង ព្រោះតែទារលុយគេមិនបានហើយថែមទាំងឌឺដងពាក្យសម្តីទៀត

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសាហាវឃោរឃៅម្នាក់ គ្រាន់តែគេខ្ចីលុយចំនួន៤ម៉ឺនរៀលពុំទាន់បានសងនៅថ្ងៃកំណត់ បង្កើតជាកំហឹងក្លាយជាគំនុំយកកូនកាំបិតចិតបន្លែទៅចាក់យុវជនជាអ្នកខ្ចីលុយរបស់ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យយុវជនស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់នៅកន្លែងកើតហេតុ ។ ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងសាលាអាន់នៀកម៉ះ ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ទ្រេស សាគីរិន ភេទប្រុស អាយុ១៥ឆ្នាំ មានមុខរបរសិស្ស រីឯជនរងគ្រោះស្លាប់ឈ្មោះ ម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅក្នុងបន្ទុកគ្រួសារ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកកហូតបានមាន៖ ទូរស័ព្ទដៃម៉ាក Ipone4 មានស្រោមពណ៌ខ្មៅចំនួន១គ្រឿង។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្បែកន្លែងហេតុបានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ ភ្លាមនោះក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាបពេញលើសាប ក្បែផ្លូវដើរចុះទន្លេ រួចក៏មានការផ្អើលឆោឡោ ហៅអ្នកភូមិចេញជិតខាងបាននាំគ្នាមកមើល ហើយក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឫស្សីជ្រោយ ។ ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឫស្សីជ្រោយបានទទួលព័ត៌មានថា មានរណីឃាតកម្ម ភ្លាមនោះក៏រាយការណ៍បន្ដជូនដល់កម្លាំងជំនាញស្រុក និងកម្លាំងនគរបាលជំនាញខេត្ដ ចុះមកពិនិត្យ ដោយឃើញថា ជនរងគ្រោះមានស្នាមរបួស ៖

មុតត្រង់បំពង់កមានជម្រៅ ប្រវែង៦សង់ទីម៉ែត្រ ×៣សង់ទីម៉ែត្រ ,ស្នាមមុតលើគ្រាប់ពោនរាងឆូតត្រង់ប្រវែង៣សង់ទីម៉ែត្រ ,ស្នាមរលាត់ដាច់ស្បែកក្រោយថ្គាមខាងស្ដាំ និងរបួសមុតក្រោមចង្ការខាងស្ដាំ ,ស្នាមរលាត់លើកខាងស្ដាំ និងដាច់សរសៃឈាមធំ(អាក់ទែរ)ផងដែរ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ការស្លាប់របស់យុវជនរងគ្រោះនេះ គឺជាករណីឃាតកម្ម ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បន្ទាប់ពីប្រគល់សាកសពឲ្យក្រុមគ្រួសារជនរងគ្រោះរួច សមត្ថកិច្ចជំនាញក៏បានកសាងសំណុំរឿងស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកូនកាំបិតចិតបន្លែទៅចាក់ជនរងគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះបានខ្ចីលុយរបស់ខ្លួន(ជនសង្ស័យ)ចំនួន៤ម៉ឺនរៀល ហើយថាសងលុយវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លុះមកដល់ថ្ងៃដែលត្រូវកំណត់សង ខ្លួនបានទៅទាលុយពីជនរងគ្រោះ បែជាជនរងគ្រោះពុំទាន់ឲ្យ ហើយថែមទាំងដិះដៀលខ្លួន(ជនសង្ស័យ)ទៀត ដែលជាហេតុធ្វើឲ្យខ្លួនខឹងយ៉ាងខ្លាំង បង្កើតបានជាគំនុំ ។ លុះក្រោយមកទៀត ថ្ងៃខែកើតហេតុដដែល ជនសង្ស័យបានឃើញជនរងគ្រោះកំពុងអង្គុយលេងហ្វេសបុកនៅខាងក្រោមដើមស្វាយជាកន្លែងកើតហេតុ ភ្លាមនោះក៏ទៅយកកូនកាំបិតចិតបន្លែពីធុងទឹកអំពៅរបស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពចាក់ជនរងគ្រោះរួច ភ្លាមនោះជនសង្ស័យក៏យកកូនកាំបិតនោះទៅបោះចោលក្នុងទឹកទន្លេរបាត់ទៅ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ស្អាងជ័យ


ចែករំលែក៖