ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជួនមនុស្ស៤នាក់ ទៅតុលាការករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័័យ៤នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខកសាងសំណុំរឿង បញ្ជួនទៅតុលាការហើយ ក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្រោយពីបញ្ចប់នីតិវិធីសាកសួររួចមក ។ ការបញ្ជួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថា៖ ការបញ្ជួនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេ ក្នុងមូលដ្ឋានខណ្ឌ នាពេលកន្លងមក ហើយបានបញ្ចប់នីតិវិធីសួរនាំរួចរាល់ ។ ដោយជនសង្ស័យទាំងនេះ មានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦ បានឃាត់ខ្លួននាពេលកន្លងមក ដោយការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យដែលបញ្ជួនទៅតុលាការនាព្រឹកនេះ មាន៤នាក់ ហើយពួកគេ ជាប់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។

លោកអធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការ និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផង ពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប ៕ តុង សីហា


ចែករំលែក៖