ខេត្តត្បូងឃ្មុំ៖ ខណៈកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំបានល្បាតតាមដងផ្លូវជាតិលេខ៧ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១:៣០នាទី ។ ក្រោយការឃាត់សួរនាំជននេះជាចោរលួចគាស់ទ្វារផ្ទះយកម៉ូតូប្រជាពលរដ្ឋ ។
នគរបាលស្រុកត្បូងឃ្មុំអោយដឹងថា ជនសង្ស័យឈ្មោះ ជាវ សុផល ហៅឈុន អូន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិដីលើ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នគរបាលថា កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-7536 លេខតួ និងលេខម៉ាស៊ីន៩៧៤២៣៤២។
ចំណែកជនរងគ្រោះឈ្មោះអុី សុខខឿន ភេទប្រុស អាយុ៤៧ឆ្នាំជាតិខ្មែរ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ វណ្ណៈ