ខេត្តព្រះសីហនុ ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកំសាន្តយីហោខាងលើបានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលក្លឹបកំសាន្តជនជាតិចិនមានទីតាំងស្ថិតនៅតាមបណ្តោយវិថីឯករាជ្យ ត្រង់ចំណុចជាប់នឹងកាសុីណូ(ជីង បុី ) ក្បែររង្វង់មូលតោ២ ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដែលចុះអន្តរាគមន៍បាញ់ទឹកពន្លត់បានសន្និដ្ឋានជាជំហ៊ានដំបូងថា ករណីខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយពេលនេះ បានរថយន្តបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើនរថយន្តកំពុងតែមមាញឹកក្នុងការបាញ់ទឹកពន្លត់ដោយបានប្រើប្រាស់អស់រយ:ពេលប្រមាណជា២ម៉ោងទើបរលត់ទៅវិញនៅវេលាម៉ោង១២គត់។
នៅក្នុងហេតុការណ៍ខាងលើមិនមិនបណ្តាលឲ្យមានរងរបួស ឬបាត់បង់អាយុជីវិតមនុស្សទេ ។ ប៉ុន្តែការសន្និដ្ឋានពីការខូចខាតទ្រព្យសម្បត្តិសមត្ថកិច្ចមិនទាន់សន្និដានបាននៅឡើយទេ ដោយហេតុថា នៅក្នុងខាងក្នុងក្លឹបវាស្មុគ្រស្មាញងងឹតសូន្យសុង ដោយសារចរន្តភ្លើងត្រូវបានកាត់ផ្តាច់ការពារដល់ការឆ្លងចរន្តឆក់ដល់សមត្ថកិច្ច ដែលចុះជួយអន្តរាគមន៍។
គួររំលឹកឲ្យដឹងឡើងវិញដែរថា ករណីអគ្គិភ័យឆាបឆេះគ្រឿងក្នុងក្លឹបកំសាន្តនៅពេលវេលាខាងលើ ជាលើកទី២បន្ទាប់ពីករណីអគ្គិភ័យឆាបឆេះគ្រឿងក្នុងក្លឹបកំសាន្ត ( L.V) នាពេលកន្លងមក ដែលបណ្តាលឲ្យអ្នកចម្រៀងបុរសសំបូរស្នេហ៍រូបស្រស់សោភាម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះរលេះរលួយសាច់ហើយបានស្លាប់ក្រោយពេល ដែលក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសវៀតណាម ៕ ឆ្លាម សមុទ្