ព័ត៌មានទាន់ហេតុការណ៍៖

ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញស៊ី្វសនៅតំបន់សមុទ្រ នីហ្សេរីយ៉ា ចាប់នាវឹក១២នាក់ធ្វើជាចំណាប់ខ្មាំង

ចែករំលែក៖

សមាជិក១២នាក់ នៅលើនាវាដឹកទំនិញ របស់ប្រទេសស៊ី្វស ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ក្រោយពេលក្រុមចោរសមុទ្រ បើកការវាយប្រហារប្លន់ នៅតំបន់សមុទ្រ ប្រទេសនីហ្សេរីយ៉ា ។

សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុនដឹកជញ្ជូន Massoel Shipping ដែលជាម្ចាស់កម្មសិទ្ធិ នាវា MV Glarus ត្រូវក្រុមចោរសមុទ្រប្លន់ ពេលកំពុងដឹកជញ្ជូន ម្សៅមី អង្ករ ពីទីក្រុង Lagos ទៅកាន់កំពង់ផែ Harcourt ក្នុងប្រទេសនីហ្សេរីយ៉ាដូចគ្នា ។

សារព័ត៌មាន CNN បានដកស្រង់ព័ត៌មានពីក្រុមហ៊ុនដឹកជញ្ជូន ឲ្យដឹងថា «ក្រុមចោរសមុទ្របានឡើងទៅលើនាវាដឹកទំនិញ Glarus រួចចូលទៅកាន់ បន្ទប់បញ្ជាបើកបរ ។ ក្រុមចោរបានបំផ្លាញប្រព័ន្ធទំនាក់ទំនង និងចាប់នាវឹក១២នាក់នាក់ ក្នុងចំណោមនាវឹក១៩នាក់ ធ្វើជាចំណាប់ខ្មាំង» ។

លោកស្រី NoemieCharton អ្នកនាំពាក្យក្រសួងការបរទេសស៊ី្វស បានឲ្យដឹងថា ទទួលបានព័ត៌មានពីហេតុការណ៍ខាងលើ លោកស្រីថា នៅលើនាវាគ្មាននាវឹកជាជនជាតិស៊ី្វសនោះឡើយ ។ នៅពេលនេះ ក្រសួងការបរទេសស៊ី្វស បានទំនាក់ទំនងជាមួយម្ចាស់នាវា ។

សារព័ត៌មាន រ៉យទ័របានផ្សាយថា តាមមជ្ឈមណ្ឌល គ្រប់គ្រងចរាចរណ៍ដែនសមុទ្រ នីហ្សេរីយ៉ាងបានឲ្យដឹងថា នាវឹកដែលត្រូវចោរសមុទ្រចាប់ខ្លួន មាន ជនជាតិ ហ្វីលីពីន ស្លូវ៉ានៀ អ៊ុយក្រែន រ៉ូម៉ានី ក្រូអាត និង ប៊ូស្នៀ ។

ការចាប់ជំរិតទារប្រាក់តែងតែកើតមានឡើង នៅតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិក ។ ប៉ុន្មានឆ្នាំកន្លងមក ចំនួនជនបរទេសដែល ចាប់ជំរិតនៅតំបន់ខ្ពង់រាប ភាគខាងត្បូងប្រទេស ណៃជឺ បានកើតឡើងជាបន្តបន្ទាប់ ។

នៅតំបន់សមុទ្រ Guinea មាននាវឹកសរុប៣៥នាក់ រងការចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងរយៈពេលពីដើមឆ្នាំ២០១៨មកទល់ពេលនេះ ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការចាប់ជំរិតកាន់តែកើនឡើងនៅក្នុងតំបន់ ទ្វីបអាហ្វ្រិក៕ ម៉ែវ សាធី


ចែករំលែក៖