ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគែឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1AH-5668 បើកបរដោយឈ្មោះ ម៉ៅ ម៉ន ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (រងរបួសធ្ងន់) រីឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1VF-9567 បើកបរដោយឈ្មោះ ហ៊ុល ផាត់ ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួសធ្ងន់បាក់ភ្លៅស្ដាំ) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ហ៊ុល សុផុន ភេទប្រុស ត្រូវជាបងប្អូនបង្កើត របួសស្រាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ជិះតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន និងពុំមានការប្រុងប្រ័ត្ននោះទេ លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូគុបជ្រុងខាងលើក៏បានរេចង្កូតទៅឆ្វេងចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម ធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរម៉ូតូទាំង២គ្រឿងទទួលរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ស្រុកចុះធ្វើការពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកពីជនរងគ្រោះជាអ្នកបើកម៉ូតូហុងដាគុប បើកដោយល្បឿនលឿន មិនប្រយ័ត្ន បានជារេចង្កូតចូលទៅស្ដាំរបស់គេ ទើបជាបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះ ៕ ស្អាងជ័យ

 


ចែករំលែក៖