ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីបុរសសង្ស័យខាងលើបាននាំគ្នាផឹកទឹកត្នោតជូររហូតស្រវឹងស្រឿងៗមានទំនាស់ពាក្យសម្ដីជាមួយគ្នាក្នុងវង់ស៊ីផឹក រហូតទ្រាំពុំបានយកដំបងទៅវាយគូទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ខុម សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ ថូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ (រងរបួសរយះក្បាលចំហៀងផ្នែកខាងឆ្វេង និងហើមចង្កេះខាងឆ្វេង ) ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានដំបងឈើមូលចំនួន១ ប្រវែង៥៣សង់ទីម៉ែត្រ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យព្រមទាំងមិត្ដភក្ដិផ្សេងទៀត បាននាំគ្នាទិញត្នោតជូរផឹក លុះផឹកបានមួយសន្ទុះស្រាប់តែជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីគ្នា រហូតជនសង្ស័យទ្រាំពុំបានក៏ស្ទុះទៅយកដំបងឈើមូលដែលនៅក្បែខ្លួនទៅវាយលើជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះទទួលរងរបួសរយះក្បាល និងហើមចង្កេះខាងឆ្វេង ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ