ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្ដនៅខាងមុខជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿង បើកបន្ថែមល្បឿន ជែងរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខ មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង១០នាទី នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ឋ-2185ភព1 បើកបរដោយឈ្មោះ គឹម លៀង ភេទស្រី អាយុ២២ឆ្នាំ (រងរបួសធ្ងន់ ) មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។ ចំណែកភាគីម៉ូតូ២គ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1G-6368 បើកបរដោយឈ្មោះ ហេង ហៀក ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (រងរបួសធ្ងន់) និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1F-7810 បើបរដោយឈ្មោះ លី ឈុនឡេង ភេទប្រុស អាយុ៣០ឆ្នាំ (រងរបួសស្រាល) មានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះ វ៉ុន កាណា ភេទស្រី អាយុ២៧ឆ្នាំ (រងរបួសស្រាល) ទី២-ឈ្មោះ ឈុន ឡេងនីកា ភេទស្រី អាយុ១ឆ្នាំ (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) ។ ជនរងគ្រោះអ្នកបើកបរ និងអ្នករួមដំណើរមានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូបានបើកជែងរថយន្ដមួយគ្រឿងជិះស្របទិសគ្នា មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកណ្ដាល 1G-6368 ពេញមួយទំហឹង និងបន្ដទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ស្លាកបន្ទាយមានជ័យ1F-7810 បណ្ដាលអ្នកបើកបរ និងអ្នករួមដំណើរម៉ូតូទាំង៣គ្រឿងទទួលរងរបួសធ្ងន់៣នាក់ និងស្រាល២នាក់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែក៖