ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីពួកគេ ធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋបានហើយតែរត់មិនរួច ។ ករណីនេះកើតឡើងកាលពីម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងជើងផ្សារអុីអន២លើផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនសង្ស័យ ឈ្មោះ ម៉ៅ ទី ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះទេ (រត់ររួច) ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៃ ពៅ ភេទស្រី អាយុ២០ ឆ្នាំ ស្នាក់នៅម្តុំផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ។
ប្រពភពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកZOOMCR ពណ៌ខ្មៅលាយក្រហម អត់ស្លាកលេខជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង បំណងចូលទៅផ្សារអុីអន២ លុះដល់ផ្លូវចូលនាង ក៏បង្អង់ល្បឿនបម្រុងបត់ឆ្វេង ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា BeATពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GO.5857 ជិះមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់យកកាបូប ធ្វើឲ្យនាងដួលម៉ូតូរងរបួសស្រាល ។
ប្រភពបន្តថា ពេលនោះនាងបានស្រែថាចោរៗ ហើយជនសង្ស័យបានព្យាយាមបើកម៉ូតូរត់ ប៉ុន្តែត្រូវអ្នកដំណើរឃើញសភាពបែបនេះ ក៏បើករថយន្តដេញកៀរបណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ទើបពលរដ្ឋនាំគ្នាចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់រួច ។
នារីរងគ្រោះបានប្រាប់ថា នៅក្នុងកាបូប ដែលជនសង្ស័យឆក់មិនបានសម្រេចមាន លុយតិចតួចនោះទេ ទូរស័ព្ទដៃ១គ្រឿង និងកាតអេធីអឹម ។
ក្រោយមក ក៏មានកម្លាំងសមត្ថកិច្ច ដែលល្បាតនៅទីនោះចុះមកដល់បាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងចោទប្រកាន់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា