ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ។
ឥស្សរៈជនកម្ពុជាដែលបានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពី ពិធីគោរពវិញ្ញាណក្ខណ្ឌ សម្ដេចតេជោ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមគ្រួសារ ព្រមទាំងសរសេរនៅលើក្រាំងចូលរួមរំលែកទុក្ខ។ នៅរសៀលថ្ងែដដែលនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម លី ណាក់យៀន (Lee Nak-yeon) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ៕