ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះ គីឡូម៉ែត្រ 142-143 ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ 4 រវាងរថយន្តកូរ៉េពីរតោនកន្លះក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន ) បានប៉ះជាមួយនឹងរថយន្តទួរីស ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកបរ ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ស្លាប់នៅនឹងកន្លែង ។
ចំពោះមុខកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍ ។
ចំពោះសាកសពរង់ចាំក្រុមគ្រួសារប្រគល់ ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ