ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ ៖​ សម័យ​នេះ​បម្រើ​ជាតិ​ដោយ​ប្រើ​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​ មិនមែន​ប្រើ​ជីវិត​ធ្វើ​ដើម​ទុន​ទេ

ចែករំលែក៖

ភ្នំពេញ​៖​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ​សម័យ​មុន​បម្រើ​ជាតិ​ដោយ​យក​ជីវិត​ធ្វើ​ដើម​ទុន​ មក​រំដោះ​ជាតិ​ ។ ប៉ុន្តែ​សម័យ​នេះ​ សម្តេច​លាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ សរសេរ​ថា​ “ខ្មែរ​ស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយដែលមានចំណងជើងថា លាទៅបម្រើជាតិ”។

“តែសម័យនោះគឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ”។

ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។
កម្ពុជា មិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។

ខ្ញុំចេញទៅលើកនេះក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិង​ស្មុគស្មាញ​។

ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។

ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់​ញូវយ៉ក​។សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។ជូនពរបងប្អូនជនរួមជាតិជួប​តែសេចក្តីសុខ៕ចេស្តា


ចែករំលែក៖