ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចិន២នាក់ទៀតហើយរឿងចាប់ចិនដូចគ្នាជំរិតទារប្រាក់១៥០០ដុល្លារ

ចែករំលែក៖

ខេត្តព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ជាប់ពាក់ព័ន្ធ​ករណីចាប់ឃុំខ្លួនជនជាតិចិនដូចគ្នាម្នាក់ ដើម្បីជំរិតទារប្រាក់ ចំនួន១៥០០០ដុល្លារអាមេរិក កាលពីរសៀល ថ្ងៃ ពុធ ២ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ SHUI TAO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E០៥៥៩៤១៩៥ ស្នាក់នៅមិនពិតប្រាកដ (មិនប្រាប់ពីកន្លែងស្នាក់នៅ) និងទី២-ឈ្មោះ WEN MENGMENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ ED៥២៨៧១៧៥ ។  ចំណែកជនរងគ្រោះឈ្មោះ TIAN WENTAO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ ED២៩៣៦៧៦៧ ស្នាក់ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចដដែល បន្តថា នៅថ្ងៃទី២៥ ខែកញ្ញា វេលាម៉ោងប្រមាណ៧យប់ មានបុរសជនជាតិ​ចិនម្នាក់ បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់ ត្រូវបានជនជាតិចិនមួយ​ក្រុម ចាប់ឃុំទុកក្នុងបន្ទប់មួយមិនស្គាល់កន្លែង ដោយសារគេចោទថាប្អូនគាត់នៅជំពាក់លុយ​ក្រុមជនជាតិចិនទាំងនោះ ចំនួន១៥០០០ដុល្លារ ហើយពួកគេបានតម្រូវឲ្យយកលុយមកសង ទើបដោះលែងប្អូនគាត់មកវិញ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការ នគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាទៅកម្លាំងជំនាញផែនព្រហ្មទណ្ឌ ឲ្យទៅសហការ​ជា​មួយកនគរបាលមូលដ្ឋាន បើកការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ហើយ ខណៈនោះជន​សង្ស័យ បាននិងកំពុងណាត់បងប្រុសជនរងគ្រោះ ឲ្យទៅជួបនៅមុខកាស៊ីណូ វ៉ាងឆាវ ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ សមត្ថកិច្ចក៏បានដាក់ការឡោមព័ទ្ធ ចាប់ជនសង្ស័យបាន២នាក់តែម្ដង ខណៈដែលពួកគេ ចង់ចាប់បងប្រុសរបស់ជនរងគ្រោះម្នាក់ទៀតធ្វើជាចំណាប់ខ្មាំង។

ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ស្រាប់តែឃើញជនរងគ្រោះដើរចេញពីកាស៊ីណូ វ៉ាងឆាវ មករកសមត្ថកិច្ចដែរ។ សមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ស, រថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A-6855។

ទាក់ទិនរឿងនេះសមត្ថកិច្ចស្រាវជ្រាវដឹងថា កាលពី២ខែមុន ដោយសារជនរងគ្រោះបាន​ទៅ​លេងល្បែង​នៅកាស៊ីណូ ហ្គាន់តាវ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ហើយបានខ្ចីកាក់ពីក្រុម​ជនសង្ស័យ ចំនួន ៣,០០០ដុល្លារ ដើម្បីលេងល្បែង លុះពេលលេងចាញ់អស់លុយ​ជនរង​គ្រោះ បានសងប្រាក់ទៅឲ្យក្រុមជនសង្ស័យ ចំនួន១,៥០០ដុល្លារអាមេរិកសិន ដោយសន្យាថា នៅសល់១៥០០ដុល្លារទៀត និងសងពេលក្រោយ។ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង​១០យប់ ជនសង្ស័យបានទៅកាស៊ីណូ វ៉ាងឆាវ ក៏ឃើញជនរងគ្រោះនៅទីនោះ ហើយជនរង​គ្រោះនៅតែមិនសងប្រាក់ទៅជនសង្ស័យ ទើបត្រូវបានជនសង្ស័យចាប់ជនរង​គ្រោះចូល​រថយន្ត យកទៅឃុំនៅកន្លែងស្នាក់នៅរបស់ពួកគេតែម្តងទៅ។

ពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បី ចាត់ការតាមនីតិវិធី៕ ឆ្លាមសមុទ្រ


ចែករំលែក៖