ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេឆ្លងចរន្តអគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ដែក ស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចម៉ត់ ទាំងស្រុងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ៦ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ ស័ង្កសីត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ។

សាក្សីថា ដំបូងឃើញផ្សែងហុយរួចបង្កចេញជាអណ្ដាតភ្លើងយ៉ាងសន្ឋោរសន្ឋៅនៅផ្ទះកើត ហេតុភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ ហើយកម្លាំងអន្តរាគមន៍ បង្កា និងពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោបានចេញរថយន្តចំនួន៣គ្រឿង ទៅជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹក១ឡានរលត់ទៅវិញ ខណៈសម្ភារខូចខាតរួមមាន ៖ ម៉ូតូហុងដាឌ្រីម សេ១២៥ឆ្នាំ ២០១៨ មួយគ្រឿង និងរបស់របរនៅក្នុងផ្ទះមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាលមកពីទុស្សេឆ្លងចរន្តអគិ្គសនីឆាបឆេះតែម្ដង តែមិនមាននរណាម្នាក់រងរបួសនោះទេ ៕ ភារ៉ា ដង្កោ


ចែករំលែក៖