ព័ត៌មានទាន់ហេតុការណ៍៖

បើកបរហួសល្បឿនកំណត់ជាដើមចមនៃការបង្កគ្រោះថ្នាក់ចរាចរនៅផ្សារគគីរ

ចែករំលែក៖

ភ្នំពេញ៖ សព្វថ្ងៃនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ដែលជាយានយន្តគ្រប់ប្រភេទ និងជាកត្តាទី១ ក្នុងចំណោមកត្តាទាំង៣ រួមមានកត្តាយានយន្ត និងកត្តាផ្លូវថ្នល់ នេះបើយោងតាមការបញ្ជាក់របស់លោក ហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍។

ជាក់ស្តែងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចផ្សារគគីរ តាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខអធិការដ្ឋាននគរបាលស្រុក ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡនេឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5089

បើកបរដោយបុរសម្នាក់ឈ្មោះ តាត់ ភា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ដោយធ្វើដំណើរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង ក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ ដែលស្ថានភាពផ្លូវរាងកោងផងនោះ ធ្វើឲ្យអ្នកបើកបរបាត់បង់ម្ចាស់ការ ក៏រេចង្កូតទៅឆ្វេងដៃបុករះបង្គោលភ្លើងបាក់អស់២ដើម។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាព តែអ្នកបើកបរ និងអ្នករួមដំណើរ ពុំមានគ្រោះថ្នាក់នោះឡើយ។

លោក ហង្ស ផាន់ណារ៉ា បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ហើយមកដល់ចំណុចគ្រោះថ្នាក់ ដែលស្ថានភាពផ្លូវរាងកោង ធ្វើឲ្យអ្នកបើកបររថយន្តមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រេចង្កូតទៅបុកបង្គោលភ្លើង និងបុកចូលរោងរបស់ប្រជាពលរដ្ឋនៅខាងឆ្វេងដៃតែម្តង។ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានឃាត់ខ្លួននោះទេ ព្រោះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ប៉ុន្តែភាគគីខាងរថយន្តបានសម្របសម្រួលចេញសំណងដល់ការខូចខាតសម្ភារផ្សេងៗ។

លោកអធិការរងបានបន្តថា មួយរយៈនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើន ប៉ុន្តែកន្លងមកគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ចំណែកកត្តាទី២ គឺកត្តាផ្លូវថ្នល់ និងកត្តាទី៣ គឺកត្តាយានយន្ត។

កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ អ្នកបើកបរមានជាតិស្រវឹង។

កត្តាផ្លូវមិនមែនសំដៅទៅលើផ្លូវខូចខាត ផ្លូវចង្អៀត ឬផ្លូវកាច់កោងនោះទេ គឺសំដៅទៅលើផ្លូវល្អ ស្អាតហើយ តែផ្លូវមានតែមួយ ដូច្នេះអ្នកបើកបរត្រូវតែធ្វើដំណើរលើផ្លូវតែមួយរួមគ្នាទើបមានការប៉ះទង្គិចកើតឡើងជៀសមិនផុតនោះឡើយ។ មួយផ្នែកទៀតផ្លូវល្អ ស្អាត មានគន្លងសម្រាប់យានយន្តធ្វើចរាចរណ៍ តែអ្នកបើកបរអត់គោរពគន្លងផ្លូវធ្វើចរាចរណ៍ទាល់តែសោះ ចំណុចនេះគឺជាដើមហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយកត្តាយានយន្តស្ទើតែគ្មានឡើយ និយាយជារួមគឺមានតិចបំផុត៕ សណ្តោស


ចែករំលែក៖