ក្រុមអ្នកឯកទេសបានចាត់ទុកការរញ្ជួយដីនៅឥណ្ឌូនេស៊ី គឺជាស្ថានភាពធម្មជាតិដ៏កម្រ ដោយដីរឹងប្រែក្លាយជាទន់ជ្រាយ ដូចភក់ល្បាប់ មួយរំពេច ដោយសារតែ ឥទ្ធិពល នៃការរញ្ជួយដីជាទ្រង់ទ្រាយធំ ។
សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ក្រុមអ្នកនៅទីក្រុង Palu ភ័យស្លន់ស្លោ រត់ ចេញពីទីកន្លែងរញ្ជួយដី ដោយមើលឃើញផ្ទះនៅជុំវិញ ដួលរលំជាបន្តបន្ទាប ហើយស្រុតចុះដោយសារតែដីប្រែក្លាយជាទន់ ។ ផ្ទៃដីនៅពេលនោះ ដូចបានបាត់បង់នៅកម្លាំងទ្រ ប្រែទៅជាទន់ទាំងអស់ ។ ស្ថានភាពបែបនេះ ពិតជាគ្រោះថ្នាក់យ៉ាងខ្លាំង ដោយអាចលេបយកអគារចូលក្នុងផែនដី ដោយមិនឃើញបំណែកបែកបាក់ណាមួយឡើយ ។
ក្រុមអ្នកឯកទេសចាត់ទុកថា នេះជាស្ថានភាពដីរឹងប្រែក្លាយជាដីរាវ ។ ស្ថានភាពបែបនេះ បានកើតឡើងនៅពេលដែលមានការរញ្ជួយដី ដោយសារតែរងការប៉ះទង្គិចខ្លាំង រួមជាមួយជាតិទឹក ដូចជាច្របាច់ លាយគ្នា ធ្វើឲ្យដីប្រែក្លាយទៅជាទន់មួយរំពេច។
ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកស៊ូណាមិ នៅកោះ Sulawesi កើនឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី ១ ខែតុលា មានអ្នកស្លាប់ ដល់ទៅ ជាង១២០នាក់ហើយ។
ជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសពសិស្សសាលា ៣៤នាក់ នៅក្រោមកំនរវិហារបែកបាក់ ។ ក្រុមការងារជំនួយបាននិយាយនៅថ្ងៃអង្គារនេះថា សាកសពសិស្សសាលាឥណ្ឌូនេស៊ី៣៤នាក់ ត្រូវបានរកឃើញនៅក្រោមវិហារ ដែលកប់ដោយបំណែកដីស្រុត ក្រោយការរញ្ជួយដីនៅទីក្រុង ប៉ាលូ កោះស៊ូឡាវេស៊ី ។
មនុស្សយ៉ាងហោច៨៤៤នាក់ ត្រូវបានគេប្រកាសថាស្លាប់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះ ប៉ុន្តែចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ពេលដែលតំបន់ដាច់ស្រយាល ត្រូវបានគេទៅដល់ហើយនោះ ។
ប្រតិបត្តិការសង្រ្គោះ និងផ្តល់ជំនួយ ត្រូវបានយឺតយ៉ាវផងដែរ ដោយសារតែការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងរលករញ្ជួយនៅតែបន្តកើតឡើង។
មាននូវការព្រួយបារម្ភផងដែរថា អ្នកដែលរស់រានអាចនឹងជាប់នៅពីក្រោមគំនរបាក់បែក។
សិស្សសាលាទាំងនេះ ស្ថិតនៅក្នុងចំណោមសិស្ស៨៦នាក់ ដែលកាលពីដំបូងឡើយ ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនពីជំរំគម្ពី ស្ថិតនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនវិហារ ចូនូក នៅតំបន់ស៊ីហ្គី ប៊ីរ៉ូម៉ារូ។
ដោយឡែក ទីកន្លែងដែលសិស្សសាលា៥២នាក់ផ្សេងទៀត ស្ថិតនៅគេមិនទាន់ដឹងនោះទេ ៕ ម៉ែវ សាធី