ខេត្តស្វាយរៀង៖ ជាងសំណង់ចំនួន១៦នាក់មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀងបានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីពេលថ្មីៗហើយក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះមានសិទ្ធិចូលរួមការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំនៅចុងឆ្នាំនេះ ។
បេក្ខជនត្រូវបានបែងចែកជា៨ក្រុម ដែលមួយក្រុមមានគ្នាពីរនាក់ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍ ។ ការប្រកួតនេះបានធ្វើឡើងនៅឯដេប៉ូសំណង់អៀងង៉ែត ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនអេសស៊ីជីប្រចាំខេត្តស្វាយរៀង ។
លោកស្រីអៀង គឹមឡាយ តំណាងដេប៉ូសំណង់ អៀង ង៉ែត បានថ្លែងថា៖ “ខ្ញុំគិតថាការរៀបចំឲ្យមានការប្រកួតជាងសំណង់នេះ គឺវាល្អមែនទែន ពីព្រោះកម្មវិធីនេះ បង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនអេសស៊ីជី និងក្រសួងការងារដើម្បីជួយពង្រឹងសមត្ថភាពរបស់ជាងនៅក្នុងប្រទេសកម្ពុជា ។ ហើយខ្ញុំគិតថា ពួកគាត់នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនដោយសារថ្វីដៃរបស់គាត់ហ្នឹងហើយ និងទំនុកចិត្តរបស់ម្ចាស់ផ្ទះ ។ ”
ការប្រកួតជាងសំណង់នេះគឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរកន្លែងក្នុងរាជធានីភ្នំពេញគឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) ។
លោកពង់ថាណាដេវីតាយ៉ាផន (PongdhanaDejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនអេសស៊ីជីបានមានប្រសាសន៍ថា៖“បន្ទាប់ពីបានសង្កេតឃើញការប្រកួតពីមួយលើកទៅមួយលើកយើងបានពិនិត្យឃើញថាទឹកដៃល្បឿន និងគុណភាពការងាររបស់ជាងសំណង់ទាំងនេះគឺប្រពៃខ្លាំងណាស់ហើយនេះជាតឹកតាងបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន ដែលកើតចេញពីវគ្គបណ្ដុះបណ្ដាលរបស់យើង ។ ដោយសារតែជំនាញមានការកើនឡើងដូច្នេះខ្ញុំរំពឹងថាជាងសំណង់ទាំងនេះនឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនទៅថ្ងៃអនាគត” ។ លោកបានបន្ថែមទៀតថា៖“ការរីកចម្រើននូវជំនាញរបស់ជាងសំណង់គួបផ្សំនឹងផលិតផល និងសម្ភារសំណង់ថ្មីៗ ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្នជាពិសេសគឺផលិតផល និងសម្ភារសំណង់ ដែលមានគុណភាពពីអេសស៊ីជីនឹងធានាបានថាបទដ្ឋាន និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងជាប់ជានិច្ច ។ ”
ការប្រកួតជម្រុះថ្នាក់តំបន់សម្រាប់ជាងសំណង់នេះកំពុងត្រូវបានរៀបចំនៅតាមបណ្ដាខេត្ត និងទីក្រុងនានាទូទាំងប្រទេសកម្ពុជាដោយក្នុងនោះជាងសំណង់ប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់គឺស៊ីម៉ង់ត៍ខេ-ស៊ីមេនរបស់អេសស៊ីជីសម្រាប់ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍ហើយប្រើប្រាស់ក្បឿងអេសស៊ីជីក្នុងការប្រកួតប្រក់ដំបូល ។
រាល់បេក្ខជន ដែលចូលរួមសុទ្ធតែទទួលបានវិញ្ញាបនប័ត្រពីកម្មវិធីបណ្ដុះបណ្ដាលហើយក្រុម ដែលទទួលជ័យជំនះសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់២លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ ។ ជ័យលាភីក្នុងការប្រកួតក្នុងខេត្តស្វាយរៀងគឺបានទៅក្រុមលោកព្រំភ័ក្រ្ត និងលោកតេតគង់ ដែលមកពីខេត្តព្រៃវែង ។
លោកព្រំភ័ក្ត្របានថ្លែងថា៖“ខ្ញុំមានអារម្មណ៍សប្បាយដោយសារក្រុមហ៊ុនអេសស៊ីជីបានផ្ដល់ជ័យជំនះឲ្យ ។ ខ្ញុំគិតថាលំបាកដែរប៉ុន្តែថ្ងៃនេះខ្ញុំក៏បានខំប្រឹងហើយក៏បានជ័យជំនះនៅក្នុងថ្ងៃនេះ ។ ថ្ងៃខាងមុខខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចយកឈ្នះនៅពេលប្រកួតជាមួយនឹងខេត្តផ្សេងៗទៀត ។ ថ្ងៃខាងមុខខ្ញុំសង្ឃឹមថាការងាររបស់ខ្ញុំនឹងលូតរីកចម្រើនខ្ញុំនឹងអាចមានការងារធ្វើបន្តពីមួយកន្លែងទៅមួយកន្លែងបានហើយជួយឲ្យជីវភាពរបស់ខ្ញុំអាចធូរស្រាលជាងនេះទៅទៀត”៕ វឌ្ឍនា