ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះ បើកលឿនរអិលក្រឡាប់ផ្ងារជើងចូលក្នុងទឹកបឹងសំរោង

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ បាននាំគ្នាលោតចេញពីក្នុងរថយន្តបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលពួកគេបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ដឹកដើមឈើ ក្នុងល្បឿនលឿន បណ្ដាលឲ្យធ្លាក់ផ្លូវរអិល ក្រឡាប់ ផ្ងារជើងចូលក្នុងទឹកបឹងសំរោង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី៤និង៣០នាទីទៀបភ្លឺ ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៥១ ចំណុច ជិតច្រកចូល ខ្លោងទ្វាវត្តសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ បានឃើញ រថយន្តម៉ាក ហ៊ីយ៉ានដាយ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ-3E0943 បើកបរដោយបុរស ម្នាក់ រួមនឹងព្រូរថយន្តម្នាក់ ដឹកដើមឈើពេញរថយន្ត ដោយធ្វើដំណើរតាមផ្លូវលេខ៥១ ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើត ខណៈមេឃកំពុងធ្លាក់ភ្លៀងផងនោះ គាប់ជួនផ្លូវកោងទៀត បានធ្វើឲ្យរថយន្តធ្លាក់ពីលើផ្លូវបេតុង ក៏រអិលក្រឡាប់ធ្លាក់ចូលក្នុងទឹកបឹងសំរោងតែម្តង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ។ ចំណែកអ្នកបើបរ និងព្រូរថយន្ត បានលោតចេញទាន់ពេល មិនមានបណ្ដាលឲ្យរងរបួសធ្ងន់នោះទេ ៕ ចាន់ធឿន


ចែករំលែក៖