ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះកម្ទេចឈើ នៅក្នុងសិប្បកម្មផលិតតុទូកៅអីឈើ ខណ្ឌចំការមន បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖ មានអគ្គិភ័យមួយបានឆាបឆេះកម្ទេចឈើ នៅក្នុងសិប្បកម្មផលិតតុទូកៅអីធ្វើអំពីឈើមួយកន្លែង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ភ្លាមៗផងដែរ ។

ហេតុការណ៍អគ្គិភ័យនេះ បានឆាបឆេះ​កើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃព្រហស្បតិ៍​ ទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចសិប្បកម្មផលិតតុ ទូកៅអីឈើ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាន ផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្នែកខាងក្រោយ នៃសិប្បកម្មផលិតតុទូកៅអីធ្វើអំពីឈើខាងលើនេះ ទើបបង្កការភ្ញាក់ផ្អើល​ដល់​កម្មករនិងជាងឈើនិងអ្នកជិតខាងនាំគ្នាជួយដងទឹក និងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើងភ្លាមៗផងដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ​ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងរបស់​ការិយាល័យ​អគ្គិភ័យនៃស្នងការដ្ឋាននគរបាល ​រាជធានី​ភ្នំពេញ​ មកដល់កន្លែងកើតហេតុ ដោយបានបាញ់ពន្លត់ជាស្ថាពរទាំងស្រុង​ ដោយប្រើប្រាស់អស់ទឹក១គ្រឿងប៉ុណ្ណោះ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ មូលហេតុដែលបណ្ដាលឲ្យឆាបឆេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕ ភារ៉ា ដង្កោ


ចែករំលែក៖