ខេត្តក្រចេះ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងចំណោមបក្ខពួក៤នាក់ ដែលបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ ខណៈពួកគេមានជម្លោះក្នុងពិធីរាំធុងបាស់នៅវត្តចំថ្ងៃបុណ្យភ្ជុំធំ ។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះសមត្ថកិច្ចបានធ្វើឡើងនៅក្នុងទឹកដីខេត្តត្បូងឃ្មុំនាវេលាម៉ោង៧ព្រឹក ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។
សមត្ថកិច្ចខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារ ១៥រោច ខែភត្រទ្របទ ឆ្នាំច ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នោះជនសង្ស័យខាងលើមានគ្នាចំនួន៤នាក់ បាននាំគ្នារាំលេងកម្សាន្ត នៅចំណុចវត្តគីឡូ៦៣ ភូមិដូនមាស៣ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
ស្រាប់តែជនរងគ្រោះបានឌឺដង និងចង្អុលមុខក្រុមជនសង្ស័យនៅក្នុងវង់រាំហើយក៏ជិះម៉ូតូចេញមកក្រៅ ។
ពេលនោះ ជនសង្ស័យទាំង៤នាក់ ក៏ជិះម៉ូតូដេញតាមពីក្រោយ ក៏ដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ ត្រូវចំកញ្ចឹងកដួលបោកក្បាលទៅនឹងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់ហើយ ក៏បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់នោះតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកយុត្តិធម៌ ស្រុកស្នួល សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ ឃុំស្រែចារ បានចុះទៅដល់កន្លែង កើតហេតុបើកការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាភ្លាមៗផងដែរ ។
រហូតឈានដល់ឃាត់ខ្លួនបានតែម្តងនៅវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៨ ដោយកម្លាំងសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដែលជាជនដៃដល់ ។
ឯជនសង្ស័យចំនួន២នាក់ទៀត អ្នកបើកបរម៉ូតូ ដឹកជនដៃដល់បានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនបន្ត ។
ជនសង្ស័យទាំង៤នាក់ រួមមាន ១.ឈ្មោះ រុំ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ, ២.ឈ្មោះ សួន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (អ្នកទាំង២ជាជនដៃដល់) ។ ទី៣ ឈ្មោះ ពុធ ចំរើន (ហៅវ៉េត) ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ ផាង ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ អុល ហេងភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជំនុំពុល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានស្លាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តតាមច្បាប់ ៕ ជីវ័ន្ត