ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់វាយខ្នោះបញ្ជូនមកសួរនាំ បន្ទាប់ពីរូបគេនិងបក្ខពួកនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវជនម្នាក់កំពុងតែដើរថ្មើរជើងបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋតាមផ្លូវនៅគ្នាដេញចាប់ រហូតធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូ ចាប់បានម្នាក់ ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១០ ផ្លូវ លេខ៣០៧ ក្រុមទី៦៣ ភូមិ១៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាន់ សុប៊ុន ហៅ ប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំស្គាល់លេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Smakhs V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-2736 ដែលមានលេខតួ និងលេខម៉ាស៊ីន; ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 6 plus ពណ៌ខ្មៅ ប្រើស៊ីមលេខ: 097 6357757 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ ) បានធ្វើការប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកអេស្ការវ៉ាទ័រ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៥៨៨ ក្រុម ទី៥៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សន ពន្លឺ បានដើរចេញពីផ្សារទួលគោក ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ដោយជនរងគ្រោះដើរថ្មើរជើងបណ្ដើរ និងយកទូរស័ព្ទដៃមកលេងហ្គេមបណ្ដើរ តាមបណ្ដោយ ផ្លូវ លេខ៣០៧ លុះពេលជនរងគ្រោះបានដើរមកដល់មុខផ្ទះលេខ១០ ផ្លូវលេខ៣០៧ ក្រុមទី៦៣ ភូមិ១៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ស្រាប់តែពេលនោះជនសង្ស័យឈ្មោះ ម៉ាន់ សុប៊ុន ហៅ ប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ និងបក្សពួកឈ្មោះ យ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយពីខាងក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smahs V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-2736 បានជិះមកពីខាងក្រោយខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ យ៉ា បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចហើយ ភ្លាមនោះជនរងគ្រោះក៏បានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញតាមចាប់ជនសង្ស័យទាំង២នាក់ ធ្វើឲ្យពួកគេភ័យក៏ដួលម៉ូតូបោកទៅលើថ្នល់ ភ្លាមនោះជនសង្ស័យឈ្មោះ យ៉ា ក៏រត់គេចខ្លួនបាត់ ។
ចំណែកជនសង្ស័យឈ្មោះ ម៉ាន់ សុប៊ុន ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនបាន និងវត្ថុតាង ទូរស័ព្ទដៃរបស់ជនរងគ្រោះ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ាន់ សុប៊ុន ហៅ ប៊ុន សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាផទ្ធផល មានភាព អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា