ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាប់ខ្លួនចោរម្នាក់ប្រគល់ឲ្យសមត្ថកិច្ចនិងម្នាក់ទៀតរត់គេចខ្លួនបាត់ខណៈឆក់ទូរស័ព្ទមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ: ចោរ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរស​ម្នាក់កំពុង​ដើរលេងទូរសព្ទតាមផ្លូវ ​តែមិនបានសម្រេច​បណ្តាលឲ្យ​ដួល​ម៉ូតូត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច​ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើត​ឡើង​កាល​ពី​ម៉ោង​ជិត៩យប់​ ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨ តាមបណ្តោយ​​ផ្លូវលេខ​៣០៧​ កែង​និងផ្លូវលេខ៥៨៤​ ត្រង់ចំណុចក្បែរផ្សារទួលគោក​ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ​ មាន សំបុត្រ​ ​ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តសំរោងអណ្ដែត​ ស្ថិតក្នុងសង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​។

តាមសម្តីជនរងគ្រោះ​បាន​​ឲ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ​គាត់បានដើរតាមបណ្តោយផ្លូវ៣០៧​ ដោយទើបតែយកម៉ូតូទៅផ្ញើនៅផ្សារទួលគោក​ បំណងដើរទៅបន្ទប់ជួលវិញនៅក្បែរកន្លែងកើតហេតុ។ ខណ:ដែលដើរតាមផ្លូវគាត់ក៏បានដកទូរសព្ទ​ដៃមួយគ្រឿងម៉ាក​iPhone6+ យកមកចុចលេងពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក​ ស៊ុយសាគីស្មាស់វី​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1E-2736​ មកពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​គាត់​តែ​មិន​បាន​សម្រេច​ ភ្លាមៗនោះគាត់ក៏បាន​ប្រទាញ​ប្រទង់​ជាមួយ​ជន​សង្ស័យ​ បណ្តាលឲ្យ​ម៉ូតូ​របស់ជនសង្ស័យជ្រុលទៅបុក​ថូ​ផ្កាដែលនៅខាងមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ដួល​ ហើយក៏​ត្រូវបានប្រជាពលរដ្ឋឃាត់បានម្នាក់។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​បានរត់​គេច​ខ្លួន​បាត់​ស្រមោល​។

ជនសង្ស័យរួច​ទាំង​វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាល​រដ្ឋបាលបឹងកក់ទី២​ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ ​ចាត់​ការ​បន្ត​តាម​នីតិវិធី​​៕ ជ្រោយពេជ្រ


ចែករំលែក៖