ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ដេកស្លាប់ក្នុងផ្ទះរបស់ខ្លួនសង្ស័យជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ សាកសពស្រ្ដីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់របស់ខ្លួន ដោយសង្ស័យថា ការស្លាប់ខាងលើនេះគឺបណ្ដាលមកពីករណីខ្យល់គរ ។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ប៊ី សុខុម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ប៊ី សុខា ត្រូវជាបងបង្កើតស្រ្ដីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានឃើញប្អូនស្រីរបស់ខ្លួន(ជនរងគ្រោះ) បានចូលដេកនៅក្នុងផ្ទះតែម្នាក់ឯង លុះស្អែកឡើងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង៦និង០៥នាទី ខ្លួនក៏បានដើរទៅដាស់ប្អូនស្រី(ជនរងគ្រោះ) ដើម្បីបើកទ្វារលក់ដូរ ខណៈទៅដល់ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើពូកបាត់ទៅហើយ រួចបានបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីពិនិត្យ ។

ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍ទទួលបានព័ត៌មានថា មានករណីខ្យល់គរស្លាប់ ភ្លាមនោះក៏ចុះមកដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញស្រុក និងគ្រូពេទ្យ រួចពិនិត្យសាកសពស្រ្ដីរងគ្រោះ ។ ក្រោយពីពិនិត្យរួច បានបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារករណីខ្យល់គរប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ដោយឡែកសាកសពស្រ្ដីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖