សារព័ត៌មានRodong Sinmun របស់ កូរ៉េខាងជើងបានផ្សាយថា កូរ៉េខាងជើង មានទំនុកចិត្តនៅក្នុងការរស់រានបើទោះបី រងការដាក់ទណ្ឌកម្ម ១០០ឆ្នាំទៀតក៏ ដោយ។
សារព័ត៌មានRodong Sinmunរបស់ កូរ៉េខាងជើង នៅថ្ងៃទី១២ខែតុលា បាន ផ្សាយនូវអត្ថបទដែលមានខ្លឹមសាររិះគន់ ដល់ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ពីអាមេរិក ទៅលើទីក្រុងព្យុងយ៉ាង។
សារព័ត៌មានខាងលើបានផ្សាយថា «ពល រដ្ឋកូរ៉េខាងជើង ជាមួយនឹងស្មារតីតស៊ូ ពឹងផ្អែកលើខ្លួនឯង នឹងឆ្លងកាត់រាល់ការដាក់ទណ្ឌកម្មរបស់អន្តរជាតិ បើទោះបីការដាក់ទណ្ឌកម្មនោះមានរយៈពេល១០ឆ្នាំឬ១០០ឆ្នាំ ក្តី។
សារព័ត៌មានខាងលើបានផ្សាយថា អាមេរិកបានអនុម័តដាក់ទណ្ឌកម្ម និង ព្យាយាម គ្រប់គ្រងទីក្រុងព្យុងយ៉ាងដោយកម្លាំងយោធា តែត្រូវបរាជ័យ ។ សារព័ត៌ មានខាងលើ បានផ្សាយទៀតថា ការអភិ វឌ្ឍសេដ្ឋកិច្ចទំនើបកម្ម ទីតាំងផលិតធ្វើឲ្យទណ្ឌកម្មទាំងឡាយគ្មានប្រសិទ្ធភាព។
សារព័ត៌មានខាងលើ បានផ្សាយ ក្រោយ ពេលជំនួបពិភាក្សាត្រីភាគី រវាងរុស្ស៊ីកូរ៉េ ខាងជើង និងចិន ។ ក្នុងពេលជាមួយគ្នានោះ តំណាងប្រទេសទាំងបី បានអំពាវនាវដល់ អាមេរិក កាត់បន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ដើម្បីដោះដូរនឹងការលុបបំបាត់បរមាណូ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើងបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ តាមរយៈការ ប្រកួតកីឡា ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃ សុក្រនេះថា កូរ៉េខាងជើង និងចិន បាន ប្រកួតបាល់បោះលក្ខណៈមិត្តភាពរបស់ ពួកគេនៅក្នុងទីក្រុងព្យុងយ៉ាង កាលពី ថ្ងៃម្សិលមិញ ដោយមានការចូលរួមពីមន្រ្តីកំពូលៗរបស់កូរ៉េខាងជើង ដែលរួមទាំង លោកឆូ យ៉ុងហេ ផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយ ការណ៍នៅថ្ងៃទី១២ ខែតុលា នេះថា ការប្រកួតបាល់បោះបុរសចម្រុះ រវាងក្រុមកីឡាករមកពីគណៈប្រតិភូកីឡាចិន ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចសុច្ឆន្ទៈមកកាន់ទីក្រុងព្យុងយ៉ាង នឹងក្រុមកីឡាករបាល់បោះកូរ៉េខាងជើង ត្រូវបានរៀបចំ ឡើងនៅឯពហុកីឡដ្ឋាន Ryugyong Jong Ju Yong Indoor ។
ទីភ្នាក់ងារ KCNA បានរាយការណ៍ ទៀតថា ក្រៅពីលោកឆូ ដែលជាអនុប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការរដ្ឋ លោក រី ស៊ូ-យ៉ុង លោកអាន ជុងស៊ូ និងលោក ឆូ ហ្វី ដែលជាអនុប្រធានគណៈកម្មាធិការ កណ្តាលបក្សពលករកូរ៉េ និងរដ្ឋមន្រ្តីការ បរទេសកូរ៉េខាងជើង លោករី យ៉ុងហូ ហើយនិងលោកឧបនាយករដ្ឋមន្រ្តី រ៉ូ ទូ ឆុល បានបង្ហាញវត្តមាននៅទីនោះ ដើម្បី ទស្សនាការប្រកួតបាល់បោះមួយនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកឆូ រ៉ុងហេ មិនបានបង្ហាញខ្លួននៅការប្រកួត ចម្រុះរវាងក្រុមកីឡាការិនីបាល់បោះរវាងប្រទេសទាំង២នោះទេ កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងព្យុងយ៉ាង៕ ម៉ែវ សាធី