កម្លាំងទាហានអាមេរិកបានបញ្ជាឲ្យផ្អាកការហោះហើរទាំងអស់នូវប្រភេទយន្តហោះទំនើបបំផុតលើពិភពលោក F-35 ដើម្បីធ្វើការត្រួតពិនិត្យ ទៅលើប្រព័ន្ធ សុវត្ថិភាព ក្រោយហេតុការណ៍ គ្រោះថ្នាក់ ធ្លាក់នៅរដ្ឋ south Carolina កាលពីខែមុន។ ក្រៅពីអាមេរិក អីុស្រាអែល អង់គ្លេស និងប្រទេសដែលប្រើប្រាស់យន្តហោះប្រភេទនេះត្រូវផ្អាកទាំងអស់។
ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ខ្លួនបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្នរាល់ប្រតិបត្តិការហោះហើរទាំងអស់របស់យន្ដហោះចម្បាំង F-35 បន្ទាប់ពីយន្ដហោះ ចម្បាំង F-35B មួយគ្រឿងបានធ្លាក់កាលពី ខែកញ្ញា កន្លងទៅ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញ ផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានគូសបញ្ជាក់យ៉ាង ដូច្នេះថា «សហរដ្ឋអាមេរិក និងដៃគូអន្តរ ជាតិទាំងអស់ បានសម្រេចចិត្តផ្អាកជា បណ្ដោះអាសន្ន នូវរាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងប្រភេទ F-35 ខណៈក្រុមជំនាញកំពុងត្រួតពិនិត្យ ផ្នែក តួប៊ីន-ឥន្ធនៈនៃម៉ាស៊ីនយន្ដហោះ F-35 ទាំងអស់»។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានឱ្យដឹងដែរថា ការ ត្រួតពិនិត្យនេះត្រូវបានគេរំពឹងថា នឹង បញ្ចប់នៅរយៈពេល ២៤ម៉ោង ទៅ៤៨ ម៉ោងខាងមុខ។
គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាកការ ហោះ ហើរខាងលើ ធ្វើឡើងបន្ទាប់ពីយន្ដហោះ ចម្បាំង F-35B មួយគ្រឿងបានធ្លាក់នៅឯរដ្ឋ ខារ៉ូលីណាខាងត្បូង (South Carolina) កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្តែមូលហេតុជាក់លាក់មិនត្រូវបានគេឱ្យដឹងនោះទេ ខណៈការ ធ្លាក់នេះគឺជាលើកដំបូងបំផុតសម្រាប់ប្រភេទយន្ដហោះចម្បាំង ថ្លៃជាង គេនៅលើពិភពលោក F-35 គឺមួយគ្រឿង ១០០លានដុល្លារអាមេរិកនេះ។ យន្ដ ហោះចម្បាំង F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ហើយវាមានបីប្រភេទទៀតគឺ F-35A, F-35B និង F-35C៕ ម៉ែវ សាធី