ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជិតខាងឥណ្ឌាបង្ហាញក្តីបារម្ភ ក្រោយទីក្រុងញូវដេលីទិញមីស៊ីល S-400ពីប្រទេសរុស្ស៊ី

ចែករំលែក៖

កន្លងមកអាមេរិក បានបង្ហាញការមិន ពេញចិត្តចំពោះកិច្ចព្រមព្រៀង ទិញមីស៊ីល ពីរុស្ស៊ីរបស់រដ្ឋាភិបាលឥណ្ឌា ។ នៅពេល នេះប្រទេសជិតខាងប៉ាគីស្ថានក៏បានបង្ហាញការមិនពេញចិត្តដូចគ្នា ដែលអាចគំរាម កំហែងដល់ ប៉ាគីស្ថាន។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨បានផ្សាយថា ក្រសួងការបរទេសប៉ាគីស្ថាន បានសម្ដែង ការជំទាស់យ៉ាងខ្លាំង ទៅនឹងកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យប្រទេសឥណ្ឌា ដោយអះអាងថា វានឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពកម្លាំងនៅក្នុងតំបន់។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Mohammad, Faisal បានសង្កត់ធ្ងន់ដែរថា រាល់ការលក់អាវុធឱ្យ ឥណ្ឌាមិនថាតែ S-400 នោះទេ ប្រទេស ផ្គតផ្គង់ទាំងអស់ត្រូវតែធានាឱ្យបានថា ការលក់អាវុធទាំងនោះនឹងមិនធ្វើឱ្យប៉ះពាល់ ដល់តុល្យភាពកម្លាំងនៅក្នុងតំបន់នោះឡើយ។

លោក Faisal បន្ថែមយ៉ាងដូច្នេះថា «យើងជំទាស់ជាដាច់ខាតនូវរាល់ការរត់ប្រណាំងសព្វាវុ នៅក្នុងតំបន់អាស៊ីខាងត្បូង ហើយ យើងស្នើឱ្យមានវិធានការនានា ដើម្បីលើកកម្ពស់ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ»។

គួរជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងលក់ S-400 ឱ្យឥណ្ឌា ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារ នាឱកាសនៃការបំពេញដំណើរទស្សកិច្ចមកកាន់ទីក្រុងញូវដេលី របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បើទោះជាមានការ គំរាមការទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺថាក្រុមអ្នកជំនាញមួយចំនួនយល់ថា វត្ដមាន S-400 នៅលើទឹកដីឥណ្ឌា អាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ ដ្បិតប៉ាគីស្ថាននឹងមិននៅ ស្ងៀម ក្នុងការប្រឈមមុខនឹងការបង្កើន ឥទ្ធិពលយោធាឥណ្ឌា។

ចាប់តាំងត្រូវបែងចែកជាពីរកាលពីឆ្នាំ១៩៤៧មក ឥណ្ឌាធ្លាប់បានធ្វើសង្រ្គាមជាមួយប៉ាគីស្ថានចំនួនបីលើក នៅឆ្នាំ១៩៤៨ ១៩៦៥ និង១៩៧១ ហើយមកទល់នឹង ពេលនេះ ប្រទេសទាំងពីរនៅតែមើលមុខគ្នាមិនចំដដែល ជាពិសេសទាក់ទិននឹង ជម្លោះដែនដី នៅឯតំបន់កាស្មៀ ព្រមទាំង ដែនទឹកផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖