ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើករថយន្តហាយឡែនឌ័របុកម៉ូតូ pcx បណ្ដោលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ខ្ចី រថយន្តហាយឡែនឌ័រ អ្នកស្គាល់គ្នា បើកមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ pcx បណ្ដោលឲ្យ បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ជិតផ្ទះសំណាក់​ “ណាយ” តាមបណ្តោយផ្លូវ 107 ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ថៃ ហួរ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣Eo ផ្លូវលេខ២១៧ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ក្នុងខ្លួនរបស់ជនរងគ្រោះមានលុយ៨០០០ដុល្លារ (ប្រាំបីពាន់ដុល្លារ) ទួរស័ព្ទដៃមួយគ្រឿង និងខ្សែកមួយត្រូវ សមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារសព ។

ម្ចាស់រថយន្តពិតប្រាកដមានឈ្មោះ លី សុខ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ។ ចំណែកស្រ្តីដែលបើករថយន្តបង្កហេតុ បានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលនោះ ជាអ្នកខ្ចីរថយន្តរបស់គេ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូ pcx ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM.6079 បានធ្វើដំណើរតាមបណ្ដោយផ្លូវ 107 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហាយឡេនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW.8356 បើកបរដោយស្រ្តី ម្នាក់រួម និងមានអ្នករួមដំណើរជាមួយទៀត ក្នុងទិសដៅពីត្បូងទៅជើង ក៏បានរេចង្កូតមកខាងឆ្វេងបើកបុកម៉ូតូ pcx បុក យ៉ាងពេញទំហឹងអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផើងផ្កា និងបង្គោលភ្លើង បណ្ដាលឲ្យបុរសនោះស្លាប់ នៅកន្លែងកើតហេតុតែម្តង ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កហេតុបានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករួមដំណើរជាមួយនៅលើរថយន្តត្រូវបានប្រជាពលរដ្ឋនាំជួយគ្នាឃាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ។

បើតាមសំដីរបស់សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា ស្ត្រីដែលបើករថយន្តបុកបុរសស្លាប់ខាងលើនេះ ការពិតគឺខ្ចីរថយន្តរបស់ឈ្មោះ លី សុខ ដែលជាអ្នកស្គាល់គ្នា នៅកន្លែងហាត់ប្រាណ ដើម្បីសាករថយន្តស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងបើកបុកម៉ូតូ pcxបុក យ៉ាងពេញទំហឹងអូសទាំងអ្នកបើកបរម៉ូតូទៅផ្ទប់ជាមួយផើងផ្កា និងបង្គោលភ្លើង បណ្ដាលឲ្យបុរសនោះស្លាប់ តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្នានបាន ចុះដល់កន្លែងកើតហេតុ វាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់ ។

ចំណែកសពជនរងគ្រោះត្រូវក្រុមសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖