ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJakim ឯកភាពដាក់ឲ្យប្រើប្រាស់ កញ្ចប់ថវិកា ៤០ម៉ឺនដុល្លារ បន្ថែម ដើម្បីពន្លឿនកិច្ចការហាឡាល់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJKIM បាន សម្រេច ផ្ដល់ជំនួយជាសាក់ប្រាក់កញ្ចប់ថវិកា មានតម្លៃ ៤០ម៉ឺនដុល្លារ បន្ថែមទៀត ក្នុងចំណោមកញ្ចប់ថវិកា១លានដុល្លារ ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាព រ៉ាប់រង ដើម្បីប្រើ ប្រាស់ក្នុងចំណាយផ្សេងៗលើផ្នែកបច្ចេកទេស និងលើកកម្ពស់វិស័យហាឡាល់ នៅកម្ពុជាឲ្យកាន់តែមានការវិវត្តជឿនលឿនទៅមុខប្រកបដោយចីរភាព ។

នេះគឺជាការលើកឡើង របស់លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសដែលលោក ជាមួយ ឥស្សរជន បណ្តាក្រសួងនានា បានទទួលជួប គណៈប្រតិភូJKIM នៅឯស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំ ដោយ លោក Datuk Haji Mohd Nordin Ibrahim អមដំណើរជាមួយនឹងគណៈ ប្រតិភូចម្រុះពីម៉ាឡេស៊ី និងតួរគី កាលពីរសៀលថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ។

លោក Datuk Haji Mohd Nordin Ibrahim បានបញ្ជាក់ថា៖ ក្នុងនាមប្រទេសជើងចាស់ដែលមានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ លើក្របខណ្ឌហាឡាល់ សូមបន្តជាដៃគូសហការ និងជ្រោមជ្រែងដល់ភាគីកម្ពុជា លើលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា ដែលជាប្រទេសដែលមានលក្ខណៈអំណោយផលខ្ពស់ទាំងធនធានធម្មជាតិ វត្ថុធាតុដើម និង កម្លាំងពលកម្មគ្រប់គ្រាន់ ហើយជាពិសេសកម្ពុជា កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនទៅមុខ ដែលមានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយប្រចាំឆ្នាំ។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ កោតសរសើរ និង ថ្លែងអំណរគុណ ដល់ភាគីម៉ាឡេស៊ី អគ្គនាយកដ្ឋានឥស្លាមម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ រាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍន៍ សហគមន៍ខ្មែរឥស្លាម ជាពិសេស គឺការផ្តល់ជំនួយបច្ចេកទេសហាឡាលនៅកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានរំលឹកថា៖ក្រៅពីកញ្ចប់ថវិកា១លានដុល្លារ សម្រាប់ទ្រទ្រង់វិស័យហាឡាល់ នៅកម្ពុជា តាំងពីឆ្នាំ២០១៤មក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីJKIM បានឧបត្ថម្ភគិតជាថវិកា ១៩៦៩,៥៣៤ ដុល្លារ ក្នុងការផ្តល់ជំនួយសាងសង់ព្រះវិហារឥស្លាម សូរ៉ាវ វិទ្យាស្ថាន ,សាលា ,អន្តេវាសិកដ្ឋានសិស្ស ,ពង្រីកដីទីធ្លាសាលា ,សិក្ខាសាលា ,វគ្គបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ កម្មពិធីស្រាយបួស ,កុមារកំព្រា ,ចាស់ជរា ,គូរបាន និងជំនួយគ្រោះធម្មជាតិ ជាដើម ៕ សំរិត


ចែករំលែក៖