ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកស្ទោង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រោះតែរឿងចោទប្រកាន់ថា លួចលើកលប ឈ្លោះប្រកែកគ្នារហូតដល់ឈានដល់ប្រើហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅចំណុចចុងអូរព្រែកជីក ស្ថិតក្នុងភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណេន វ៉ាន់នី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ ម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរ នេសាទត្រី របួសក្បាល ចំពីលើមួយកន្លែងប្រវែង៨cm ។

រីឯជនបង្កឈ្មោះ ខុត ខា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំអន្លុងសំណ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរនេសាទត្រី បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុ ភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ។

មុនពេលកើតហេតុជនរងគ្រោះបានបើកកាណូតតែម្នាក់ឯងទៅលើកលបនៅចំណុចចុងអូរព្រែកជីក បានត្រីប្រហែល២០ kg ហើយក៏បើកកាណូតបន្តទៅលើកលបមួយកន្លែងទៀត លុះដល់ចំណុចកើតហេតុម៉ាស៊ីនកាណូតក៏រលត់ហើយក៏បានទៅអង្គុយអុំនៅក្បាលកាណូត ។ ខណៈនោះជនបង្ករបានទៅដល់ហើយចោទជនរងគ្រោះថា បានលួចលើកលបរបស់ខ្លួន និងបានជជែកគ្នា ស្រាប់តែជនបង្ក ទាញច្រវាវាយជនរងគ្រោះបណ្តាលឲ្យរបួសក្បាលតែម្តង ដោយមូលហេតុ រឿងចោទប្រកាន់ថាលួចលើកលប ។ បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធ


ចែករំលែក៖