ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអ៊ីស្រាអែលបាញ់ប្រហារទៅលើបាតុករប៉ាឡេស្ទីនស្លាប់៦នាក់

ចែករំលែក៖

ក្រសួងសុខាភិបាលហ្គាហ្សាបានប្រកាសឲ្យដឹងថា មានមនុស្ស៦នាក់ស្លាប់ ជាជនជាតិប៉ាឡេស្ទីន និង១៤០នាក់រងរបួស ដោយគ្រាប់កាំភ្លើងបាញ់ប្រហារពីភាគីអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មនៅព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា កាលពីថ្ងៃទី១២ ខែតុលា។

ក្នុងពេលជាមួយគ្នានេះ ភាគីអ៊ីស្រាអែលបានប្រកាសថា ជនជាតិប៉ាឡេស្ទីនជាង១៥ពាន់នាក់បានចូលរួមធ្វើបាតុកម្មនៅតំបន់ព្រំដែនប្រទេសទាំង២។

កម្លាំងទាហានការពារព្រំដែនអ៊ីស្រាអែលបញ្ជាក់ថា ក្រុមបាតុករប៉ាឡេស្ទីនបានគប់ដបសាំង និងគ្រាប់បែកចូលទៅកាន់ទឹកដីអ៊ីស្រាអែល និងទាហានអ៊ីស្រាអែលផងដែរ។

ទាំងនោះហើយធ្វើឲ្យទាហានអ៊ីស្រាអែលត្រូវតែបាញ់គ្រាប់បែកផ្សែង និងគ្រាប់ពិតតប់តវិញ ដើម្បីបំបែកហ្វូងបាតុករ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានបញ្ជាក់ថា លោកបានចេញបញ្ជាឲ្យផ្អាកការបញ្ជូនប្រេងសាំងចូលទៅកាន់តំបន់ហ្គាហ្សាតាមប្រទេសអ៊ីស្រាអែលដោយសារតែស្ថានភាពហិង្សាកើនឡើងនៅតំបន់ព្រំដែន។ លោក Lieberman បានប្រកាសថា អ៊ីស្រាអែលមិនអនុញ្ញាតឲ្យរថយន្តដឹកថាមពលចូលទៅកាន់ហ្គាហ្សាឡើយ ខណៈដែលពលរដ្ឋនៅហ្គាហ្សាមានសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល។

នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានប្រកាសថា សរុបជនជាតិប៉ាសឡេស្ទីន២០៥នាក់ស្លាប់ នៅហ្គាហ្សាចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨មកទល់ពេលនេះ។ ក្នុងចំណោមអ្នកស្លាប់ មាន១៩០នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពីអ៊ីស្រាអែល៕ ម៉ែវ សាធី


ចែករំលែក៖