ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូរត់គេចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ យុវជនទំនើង២នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញតាមចាប់រហូតបើកម៉ូតូធ្លាក់ទឹកប្រឡាយ ខណៈដែលពួកគេប្រទះឃើញសមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ហើយនាំគ្នាបើកម៉ូតូរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដលប្រជាពលរដ្ឋនិងសមត្ថកិច្ចពេញមួយខណ្ឌ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា យុវជនទាំង២នាក់ខាងលើនេះ ទី១ឈ្មោះលឹម ស្រេង អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះ សម ចាន់ថាត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ខាងលិចវត្តសំរោងអណ្តែត ស្រាប់តែឃើញក្រុមក្មេងទំនើងមានគ្នា៨នាក់ ជិះម៉ូតូសុទ្ធតែសេរីទំនើបចំនួន៤គ្រឿងដឹកគ្នា ស្រាប់តែពេលនោះពួកគេបានឃើញសមត្ថកិច្ច ក៏នាំគ្នាជិះម៉ូតូរត់គេចរៀងៗខ្លួន ឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៏មានការសង្ស័យបានបើកម៉ូតូដេញតាមពីក្រោយរហូតដល់យុវជន២នាក់ បើកម៉ូតូធ្លាក់ប្រឡាយទឹក ទើបចាប់បាន២នាក់ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9013 យកទៅធ្វើការសាកសួរនៅអធិការខណ្ឌសែនសុខ ។ ចំណែកបក្ខពួក៦នាក់ទៀត បាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ពាក់ព័ន្ធករណីឃាត់យុវជនទាំង២នាក់ខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងថា ជាករណីអ្វីនោះទេ រងចាំសមត្ថកិច្ចជំនាញសាកសួរសិន ៕ តុង សីហា


ចែករំលែក៖