ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ «ផ្លែផ្កា» ថា រដ្ឋមន្ត្រីការពារជាតិជិតលាលែងពីតំណែង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិលោក James Mattis «ដូចជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ» ហើយលោកអាចនឹងលាលែងពីតំណែង ។

សារព័ត៌មាន CBS កាលពីថ្ងៃទី១៤ ខែតុលា បានផ្សាយនៅបទសម្ភាសន៍ ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកម្មវិធី «៦០នាទី» ថា «បើអស់លោកចង់ដឹងការពិត ខ្ញុំគិតថាគាត់គឺដូចជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែ លោក Mattis ល្អណាស់លោកអាចចុះសម្រុង និងមនុស្សគ្រប់រូប»។

លោក ត្រាំ ក៏បានបង្ហាញថា លោក Mattis អាចនឹងលាលែងចេញពីតំណែង ដោយលោកលើកឡើងហេតុផលថា អ្នកណាក៏ត្រូវចាកចេញផងដែរ នេះជាទីក្រុងវ៉ាស៊ីនតោន។ ការលើកឡើងរបស់លោក ត្រាំ គឺជាទីមួយហើយដែលលោកលាតត្រដាងជាសាធារណទៅលើលោក Mattis។

ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Rob Manning បានបញ្ជាក់ថា រដ្ឋមន្ត្រីMattis នៅតែខិតខំបំពេញការងារ និងធានាដល់កម្លាំងទាហានអាមេរិក នៅតែជាលេខ១ ដដែលលើពិភពលោក។ លោកក៏បានច្រានចោលព័ត៌មានថា រដ្ឋមន្ត្រីការពារជាតិមានគម្រោង លាលេងពីតំណែង។

តាមការលើកឡើងរបស់មន្ត្រីអាមេរិក ដែលកំពុងតែកាន់តំណែង និងចូលនិវត្តន៍ បានបញ្ជាក់ថា កត្តាដែលធ្វើឲ្យតំណែងរដ្ឋមន្ត្រីការពារជាតិ របស់លោក Mattis រង្គោះរង្កើនោះ គឺដោយសារតែមានវត្តមានរបស់ទីប្រឹក្សាសន្តិសុខជាតិ លោកស្រី Mira Ricardel។

លោកស្រី Mira Ricardel អាយុ៥៨ឆ្នាំធ្លាប់កាន់តំណែងជារដ្ឋលេខាទទួលបន្ទុកពាណិជ្ជកម្ម និងការនាំចេញបានក្លាយជាជម្រើសដំបូងរបស់ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ចូលមកកាន់តំណែងថ្មី។

លោក Mattis បានបាត់បង់ពន្ទុះនៅក្នុងខ្សែភ្នែក លោក ត្រាំ នៅពេលដែលមិនបានបង្ហាញពីភាពមុឺងម៉ាត់នៅក្នុងបញ្ហាអុីរ៉ង់ក៏ដូចជានៅក្នុងប្រទេសស៊ីរី៕ ម៉ែវ សាធី

(រូបកណ្តាល) លោក Mattis


ចែករំលែក៖