ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រសិទ្ធនាមមេឃុំត្រងិលថាជាមេឃុំមុខលុយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំត្រងិល ដែលជាអ្នកទទួលសេវាសាធារណៈ បានដាក់ឈ្មោះក្រៅទៅឲ្យលោក អ៊ូ គឹមធី ថាជាមេឃុំមុខលុយ ។ ការដែលប្រសិទ្ធនាមឈ្មោះថ្មីឲ្យលោកមេឃុំត្រងិលរូបនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ បានទៅទទួលយកសេវា សាធារណៈពីលោកមេឃុំ អ៊ូ គឹមធី មានការលំបាកខ្លាំង បើលុយមិនគ្រប់គឺមិនបំពេញឯកសារយឺតយ៉ាវ ជាប់រវល់រហូត ។

ប្រភពពីប្រជាពលរដ្ឋលើកឡើងថា បើទៅជួបស្មៀនឃុំដែលជាមន្រ្តីក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ គឺគ្រាន់បើ ក្នុងការបំពេញឯកសារនានា ជូនពួកគាត់ ប៉ុន្តែបើឯកសារខ្លះត្រូវប្រថាប់ត្រាឃុំនោះ គឺពិបាកហើយ ព្រោះត្រាឃុំ នៅនឹងលោកមេឃុំជាប់ ដោយសារករណីបែបនេះ បានធ្វើឲ្យសេវាសាធារណៈនៅឃុំនេះ មហាសែនយឺតគឺដោយសារលោកមេឃុំទុកត្រាខ្លួនឯង ។

ប្រជាពលរដ្ឋម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រូបគាត់ត្រូវបំពេញឯកសារ របស់គាត់ទំរាំតែបានគឺពិបាកខ្លាំងណាស់ ស្មៀនត្រូវបំពេញរួចហើយ តែគ្មានត្រាសម្រាប់ប្រថាប់ត្រា ដែលទុកដោយលោកមេឃុំ អ៊ូ គឹមធី ដូច្នេះរូបគាត់ ត្រូវស្កាត់ជួបគាត់ តាមទូរស័ព្ទ ហើយនៅពេលជួបលោកមេឃុំនៅសាលាឃុំ បែរជាលោកមេឃុំអត់បានយកត្រាមក ទុកនៅផ្ទះទៅវិញ ។

ក្រោយពីបំពេញឯកសារគ្រប់គ្រាន់ ពលរដ្ឋបានជូនសាគុណជាលុយ ដែលឯកសារនេះមិនកំណត់ឲ្យយកលុយនោះ តែបែរជាលោកមេឃុំប្រាប់វិញថា លុយប៉ុណ្ណេះមិនគ្រប់នោះទេ ទាល់តែថែមទៀត ពលរដ្ឋសំដែងនូវការខកចិត្តចំពោះលោកមេឃុំអ៊ូ គឹមធីនេះណាស់ តាំងពីបានតំណែងជាមេឃុំមកគឺដឹងតែពីលុយនោះទេ ចង់ប្រជាពលរដ្ឋលំបាកយ៉ាងដូចម្តេច ក៏មិនខ្វល់នោះដែរ ។ ក្រៅពីនោះ បង្ករឿងក្តៅក្រហាយជូនប្រជាពលរដ្ឋផងជាច្រើនផងដែរ ។

ប្រជាពលរដ្ឋបា្រប់ថា លោកមេឃុំជាប់ឆ្នោតបានធ្វើមេឃុំ ក៏ដោយសារប្រជាពលរដ្ឋដែរ បែរជាបានអំណាចនៅក្នុងដៃទៅជាបង្កផលលំបាកដល់ពួកគាត់ទៅវិញ ។

ករណីនេះ ពលរដ្ឋស្នើឲ្យថ្នាក់លើ មេត្តាជួយពិនិត្យមើលលោក អ៊ូ គឹមធី មេឃុំត្រងិលនេះផង បើមិនដូច្នេះទេ ប្រជាពលរដ្ឋនៅឃុំនេះប្រាកដជាមានការលំបាក ក្នុងការទទួលយកសេវាសាធារណៈពីឃុំនេះហើយ ។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីប្រជាពលរដ្ឋនេះ លោក អ៊ូ គឹមធី មេឃុំត្រងិល ស្រុកកំពង់លែង មិនអាចសុំការបំភ្លឺបាននោះទេ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ៕ ចន្ថា


ចែករំលែក៖