ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រី ១១នាក់ ដែលជាប់ពាក់ព័ន្ធករណីលួច ឆក់ និងគ្រឿងញៀន ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ ជាប់ៗគ្នា បានបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ជាក់ស្កែងសមត្ថកិច្ចដកហូតបាន៖ ម៉ូតូចំនួន ៤ គ្រឿង;ដាវសាម៉ូរ៉ៃចំនួន២ដើម ;ស្លាកលេខម៉ូតូចំនួន២ បន្ទះ ; គ្រឿងញៀនចំនួន៨ កញ្ចប់ រួមទាំងវត្ថុតាងជាច្រើនទៀតផងដែរ ។
យោងតាមសម្តីលោក ឃួន ងួន អធិការរងនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌដូនពេញ បានបង្ហាញមុខក្រុមជនសង្ស័យសរុបចំនួន ១១នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់ ដែលកម្លាំងមានសម្ថកិច្ចរបស់លោក បានយុទ្ធនាការបង្ក្រាប បានក្នុងរយៈពេល២ថ្ងៃជាប់គ្នា ស្ថិតនៅតាមបណ្តាលសង្កាត់មួយចំនួនក្នុងភូមិសាស្ត្ររបស់ខ្លួន ជាបន្តបន្ទាប់ ហើយក្រុមជនសង្ស័យទាំងនេះ នឹងប្រឈមមុខទៅ ក្នុងការអនុវត្តន៍ច្បាប់ ទៅតាមទោសកំហុសរៀងៗខ្លួន ផងដែរ ។
លោក ឃួន ងួន បន្តទៀតថា ករណីបង្ក្រាបខាងលើនេះ បានធ្វើឡើងចំនួន ៣ករណីផ្សេងៗគ្នា ក្នុងនោះករណីទី១; ពាក់ព័ន្ធករណី លួចម៉ូតូ មានចំនួន ២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ៤នាក់( ស្រីម្នាក់ ) ; ករណីទី២- ពាក់ព័ន្ធករណី គ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សចំនួន ៥នាក់ (ស្រី៣នាក់) និងករណីទី៣; ពាក់ព័ន្ធករណី ឆក់ ដោយឃាត់ខ្លួនមនុស្សចំនួន ២នាក់ ។ ចំណែកវត្ថុតាងដកហូតបានមាន ៖ ម៉ូតូចំនួន ៤ គ្រឿង ;ដាវសាម៉ូរ៉ៃចំនួន២ដើម ; ស្លាកលេខម៉ូតូចំនួន២ បន្ទះ ; គ្រឿងញៀនចំនួន៨ កញ្ចប់ រួមទាំងវត្ថុតាងជាច្រើនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១១នាក់ រួមនិងម៉ូតូ ត្រូវបានបញ្ជូនទៅឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា