ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវម្ចាស់ម៉ូតូតាមចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពលួចម៉ូតូជនរងគ្រោះ ដែលចាក់សោរត្រឹមត្រូវទុកក្នុងបន្ទប់ជួលបានសម្រេច កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យសាមគ្គី ជាស៊ីម ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ ជា សុវណ្ណារ៉ា អាយុ១៨ ឆ្នាំ មុខរបរ កម្មករអូសរទេះ នៅផ្សារដើមគរ ។ និងទី២ ឈ្មោះ ហឿន ចាន់ធី អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលម្តុំកំបូល ខណ្ឌពោធិសែនជ័យ ។ ហើយនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់.ក យកម៉ូតូជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ ពិតប្រាកដមែន មូលហេតុពួកគេជាអ្នកញៀនថ្នាំ ដោយខ្វះខាតលុយ ដើម្បីទិញថ្នាំញៀនជក់ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គីម ស្រាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល នៅចំណុចកើតហេតុ ។
តាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់គាត់មួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV 1769 បានសម្រេចហើយ គឺជនសង្ស័យ បានយកម៉ូតូដែលលួចបានទៅលាក់ទុកនៅកន្លែងផ្ញើម៉ូតូ ក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
ជនរងគ្រោះបន្តថា ដោយម៉ូតូរបស់គាត់ បានភ្ជាប់ប្រព័ន្ធGPS ទើបគាត់តាមរកឃើញវិញ ហើយរង់ចាំមើលជនសង្ស័យ មកយក ម៉ូតូវិញ ស្រាប់តែពេលនោះក្រុមជនសង្ស័យ បានជិះម៉ូតូម៉ាក MSX មួយគ្រឿង ដែលជាមធ្យោបាយឌុបគ្នា មកយកម៉ូតូដែលផ្ញើក៏ចាប់ឃាត់ខ្លួន និងដកហូតបានម៉ូតូ២គ្រឿង រួចនាំមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដើម្បីសួរនាំតែម្តង ។ចំណែកម៉ូតូ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់ដើមវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ រួមនិងម៉ូតូដែលជាមធ្យោបាយ ត្រូវបានបញ្ជូនទៅឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា