ខេត្តកណ្ដាលៈ ក្មេងប្រុសម្នាក់ធ្លាក់ទឹកក្នុងព្រែកមួយកន្លែងរកមិនឃើញ លុះស្អែកឡើងត្រូវគេប្រទះឃើញអណ្ដែតទឹកបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ត្រង់ចំណុចព្រែកបែកខាងកើត ស្ថិតក្នុងភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកកោះធំបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់ឈ្មោះ ឡៃ លី ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ពុធ ភាព ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាម្តាយធំ ក្មេងប្រុសរងគ្រោះបានឲ្យដឹងថាៈ កន្លងមកជនរងគ្រោះបានរស់នៅជាមួយគាត់ជាម្តាយធំជាយូរមកហើយ ដោយឪពុក ម្តាយ ជនរងគ្រោះរវល់ធ្វើការនៅក្រៅប្រទេស ។
លុះមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី មានពលរដ្ឋជិតខាងបានឃើញក្មេងប្រុសរងគ្រោះដើរតាមមាត់ព្រែកកណ្តាលត្រើយខាងជើង លុះក្រោយមកនៅវេលាម៉ោងប្រមាណ១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល ម្ដាយធំក្មេងប្រុសរងគ្រោះពុំឃើញជនរងគ្រោះនៅផ្ទះក៏នាំគ្នាដើររកជនរងគ្រោះ ហើយមានគេប្រាប់ថា ឃើញជនរងគ្រោះ ឡៃ លី ដើរតាមមាត់ព្រែកទៅខាងកើតភូមិ ពុំទាន់ត្រឡប់មកវិញទេ ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះក៏ទៅរកជនរងគ្រោះដោយចុះរាវក្នុងទឹកព្រែក និងទឹកបឹងក្បែរច្រាំងខាងកើតភូមិ តែរកពុំឃើញនោះទេ ។
លុះព្រឹកឡើងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកភូមិបាននាំគ្នាបន្តចុះទឹករាវរកជនរងគ្រោះរហូតដល់វេលាម៉ោង៨និង៣០នាទី ទើបរកឃើញក្មេងប្រុសរងគ្រោះនៅក្នុងទឹកព្រែកប៉ែកខាងកើតភូមិ រួចស្រង់សាកសពជនរងគ្រោះយកមកលំនៅដ្ឋានហើយ រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្តមកអធិការដ្ឋាននគរបាលស្រុកដើម្បីពិនិត្យ ។
បន្ទាប់នគរបាលជំនាញទទួលបានព័ត៌មាន ភ្លាមនោះក៏ចុះមកដល់កន្លែងកើតហេតុ ដោយសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះធ្វើការពិនិត្យឃើញថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ ៕ ស្អាងជ័យ