ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
«បងប្អូនជនរួមជាតិជាទីគោរព !
យប់ថ្ងៃទី១៦តុលា នាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ ខ្ញុំនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប ខ្ញុំនឹងធ្វើទស្សនៈកិច្ចនៅប្រទេសទួគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលខ្ញុំនឹងត្រូវចេញពីប្រទេសទួគី មក ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៥ តុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨។
ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។
ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។
ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»៕