ភ្នំពេញ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំបិតភ្ជង់ ប្លន់យកលុយអស់ចំនួនជាង៣ម៉ឺនដុល្លារអាមេរិក ពីជនជាតិចិន ដល់ក្នុងហាងលក់ភេសជ្ជៈមួយកន្លែង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់កម្លាំងសមត្ថកិច្ចបន្តិចឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយវិថីត្រសក់ផ្អែម (៦៣) ទល់មុខផ្សារទំនើបសូរិយា ចំណុចហាងលក់ភេសជ្ជៈរបស់ចិនយីហោ “ឈិន ស៊ិន” ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មិនដឹងថា ជនសង្ស័យទាំង២នាក់ តាមជនរងគ្រោះមកពីណានោះទេ គាត់បានត្រឹមតែឃើញជនសង្ស័យទាំង២ ចូលទៅក្នុងហាងកើតហេតុ ហើយមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំង២នាក់ ចេញមកវិញ រួចនាំគ្នាប្រញាប់ប្រញាល់ឡើងម៉ូតូសណ្តោងរ៉ឺម៉កកង់បី បើកចេញពីហាងបាត់ទៅ។ ភ្លាមនោះក៏ឃើញជនជាតិចិនជាជនរងគ្រោះ បានរត់ចេញមកក្រៅ ស្រែកឆោឡោឡើង ហើយនៅក្បែរនោះក៏
មានអ្នកចេះភាសាចិន សួរនាំគាត់ ទើបដឹងថា ជាករណីប្លន់យកលុយអស់ចំនួនជាង៣ម៉ឺនដុល្លារ បានដោយសុវត្ថិភាព ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកកន្លែងកើតហេតុតែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ អធិការរងនគរបាលខណ្ឌដូនពេញម្នាក់ បញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះករណីប្លន់ជនជាតិចិន យកលុយអស់ជាង៣ម៉ឺនដុល្លារនេះ ពិតជាមានប្រាកដមែន ហើយសមត្ថកិច្ចបាននាំជនជាតិចិនជាជនរងគ្រោះ ទៅសាកសួរប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ហើយ៕ ជ្រោយពេជ្រ