ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឥណ្ឌូនេស៊ីទទួលបានប្រាក់កម្ចី ១ពាន់លានដុល្លារពីធនាគារពិភពលោក

ចែករំលែក៖

គ្រោះមហន្តរាយធម្មជាតិផ្ទួនៗគ្នាបានវាយប្រហារប្រទេសឥណ្ឌូនេស៊ី បង្កឲ្យខាត បង់ ជាច្រើនទាំងទ្រព្យសម្បត្តិនិងជីវិត មនុស្ស ។ តំបន់ដែលរងការវាយប្រហារដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ រងការបំផ្លាញស្ទើរតែទាំងស្រុង ។ ទាំង នោះហើយបានជារដ្ឋាភិបាល អំពាវនាវឲ្យ មានជំនួយពីបរទេស ដើម្បីជួយដល់ពល រដ្ឋ អភិវឌ្ឍ តំបន់រងការបំផ្លាញឡើងវិញ។ ការកសាងឡើងវិញត្រូវការចំណាយប្រាក់ជាច្រើន ។

ទាំងនោះហើយ បានជាធនាគារពិភព លោក បានសម្រេចកាលពីថ្ងៃទី១៤ ខែតុលា ដោយបានផ្តល់ប្រាក់កម្ចីឲ្យឥណ្ឌូនេស៊ីដែលមានទឹកប្រាក់ដល់ទៅ១ ពាន់ លានដុល្លារ។ ជំនួយនេះមានគោលដៅ ជួយរដ្ឋាភិបាលទីក្រុងហ្សាការតានៅក្នុង កិច្ចខិតខំប្រឹងប្រែងកសាងហេដ្ឋារចនា សម្ព័ន្ធដែលបានរងការខូចខាតដោយគ្រោះរញ្ជួយដីបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ ពិសេសគ្រោះស៊ូណាមីិបំផ្លាញស្រុកប៉ាលូដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២ ០០០នាក់ និងបាត់ខ្លួនជាច្រើនរយនាក់ផ្សេងទៀត។

នៅក្នុងសន្និសីទកាសែតក្រោយកិច្ច ប្រជុំប្រចាំឆ្នាំរួមគ្នារវាងមូលនិធិរូបិយវត្ថុ អន្តរជាតិ នឹងធនាគារពិភពលោកលើ កោះបាលី ប្រទេសឥណ្ឌូនេស៊ីដែលអគ្គនាយិកាធនាគារពិភពលោកលោកស្រីគ្រីស្តាលីណា យ័រយីវ៉ាបានប្រាប់ឲ្យដឹងថា ធនាគារពិភពលោកបានតម្កល់លុយ១.០០០លានដុល្លារឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីចាយវាយសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដីនាពេលថ្មីៗកន្លងទៅ។ ទឹកប្រាក់ ១.០០០លានដុល្លារនេះមិនមែនជាជំនួយទេ តែជាប្រាក់កម្ចី នេះជាការលម្អិតបន្ថែម របស់លោកស្រីគ្រីស្តាលីណា។ នាយិកាធនាគារពិភពលោករូបនេះបានបញ្ជាក់ថា ប្រាក់កម្ចីនេះអាចប្រើនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធខូចខាតផង និងអាចប្រើដើម្បីបង្ការទប់ស្កាត់គ្រោះធម្មជាតិនាពេលខាងមុខផង។

តាមលោកស្រីគ្រីស្តាលីណា វិធីសាស្រ្តដ៏ប្រសើរក្នុងការជួយជនរងគ្រោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខ្ទេចខ្ទីឡើងវិញ និងរិះរកវិធានការយ៉ាងណាដើម្បីឲ្យគ្រោះធម្មជាតិនាពេលខាងមុខសម្លាប់ មនុស្សតិច និងមានការខូចខាតតិចតួច។ គួររម្លឹកជូនថា ឥណ្ឌូនេស៊ីបានជួបគ្រោះ រញ្ជួយដីច្រើនដងនារយៈពេលថ្មីៗនេះ ហើយធ្ងន់ធ្ងរជាងគេ គឺគ្រោះស៊ូណាមីបំផ្លាញស្រុកប៉ាលូស្ទើរតែទាំងស្រុងដោយបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២.០០០ នាក់ និងបាត់ខ្លួនជាច្រើនរយនាក់ផ្សេងទៀត។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាស ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញអាចប្រើពេលដល់ទៅ ២ឆ្នាំ ពិសេសការងារសាងសង់លំនៅឋានឲ្យពលរដ្ឋដែលបាត់បង់អស់រលីង។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី មូលយ៉ានី អ៊ីនដ្រាវ៉ាទីបានអរគុណធនាគារពិភពលោកចំពោះប្រាក់កម្ចីចំនួន ១.០០០លានដុល្លារ ព្រមទាំងប្រាក់ជំនួយ ចំនួន ៥លានដុល្លារដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះគ្រោងជួយក្រុមគ្រួសារ រងគ្រោះដោយគ្រោះធម្មជាតិក្នុងស្រុកប៉ាលូ៕ ម៉ែវ សាធី


ចែករំលែក៖