ភ្នំពេញ ៖ ចោរម្នាក់ ជិះម៉ូតូឆក់កាបូបពីនារីម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍កើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ខឿន វួចលី អាយុ២១ឆ្នាំ មុខរបរសិស្ស នៅសាលាភូមិន្ទវិចិត្រសិល្ប: ស្នាក់នៅម្តុំផ្សារសំណង់ (១២) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក រាជធានីភ្នំពេញ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានចេញពីសាលារួចមិត្តភក្តិបបួលទៅញ៉ាំអីជាមួយគ្នានៅម្តុំក្បែរវាំង ដោយធ្វើដំណើរថ្មើរជើងជាមួយមិត្តភក្តិ ។ ចំណែកម៉ូតូបានផ្ញើនៅសាលា លុះដល់ម៉ោងជួបជុំនិងហូបចុករួចបានបែកផ្លូវគ្នាទៅផ្ទរៀងៗខ្លួន ចំណែករូបគាត់បានដើរមកសាលាវិញដើម្បីយកម៉ូតូមួយគ្រឿងម៉ាកស្តុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម 1O-4011 ជិះចេញពីសាលាបំណងត្រឡប់ទៅផ្ទះតាមបណ្តោយផ្លូវ១៨២ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ ស៊េរី ២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយឆក់កាបូបស្ពាយដែលរូបគាត់ដាក់ខាងមុខបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះប្រាប់ថា ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមាន៖ អាយផេត១គ្រឿង, កុំព្យូទ័រ១គ្រឿង, ទូរសព្ទដៃ១គ្រឿង, អត្តសញ្ញាណបណ័្ណ១សន្លឹក , លុយខ្មែរជាង១០ម៉ឺនរៀល និងឯកសារមួយចំនួន ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ