ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកគ្រូផ្សំថ្នាំឱសថបុរាណម្នាក់ ផឹកស្រាស្រវឹង រហូតមានទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធ ហើយខឹងបានបង្ខាំងម្តាយក្មេក ដែលមានជំងឺបេះដូង និង លើសឈាម មិនព្រមឲ្យចេញក្រៅ ដើម្បីឲ្យកូនៗជូនទៅពេទ្យព្យាបាលជំងឺ ។
ករណីខាងលើនេះ បានកើតទ្បើងនៅវេលាម៉ោង ១ រំលង អធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ ស្តិតនៅផ្ទះលក់ឱសថបុរាណអមត: កម្លាំងសេះខ្មៅសច្ចំប្រទានផ្សំថ្នាំ ដោយលោកគ្រូភូយ៉ុង នៀន ហៅលោកគ្រូ កៃយី មានអាស័យដ្ឋាន ផ្ទះ លេខ 96C ខាង កើតវត្ត ទួល ទំពូង ផ្លូវ ម៉ៅសេទុង សង្កាត់ បឹង ត្របែក ខណ្ឌចំការមន ។
ស្រ្តីរងគ្រោះជាម្ដាយក្មេក ដែលត្រូវកូនប្រសារបង្ខាំងនោះ ឈ្មោះ ស៊ូ ផេន អាយុ៦៥ ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានប្តីឈ្មោះ ឆែម ឆាន អាយុ ៦៨ឆ្នាំ ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កជាគ្រូផ្សំថ្នាំ មានឈ្មោះ ភូ យ៉ុង នៀន ហៅ លោក គ្រូកៃយី មានប្រពន្ធឈ្មោះ ផាណា អាយុ៣០ឆ្នាំ ពួកគេទាំងពីរបានរៀបការជាមួយគ្នា ១០ឆ្នាំហើយ និងមានកូន៣នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពដដែលបានបន្តថា លោកគ្រូផ្សំថ្នាំនោះ ជាមនុស្សពិការជើង (ស្វិតជើងទាំងពីរដើរមិនរួចទេ អង្គុយនៅតែលើរទេះរុញ) និងមានប្រពន្ធទាំងអស់ចំនួន៤នាក់ រស់នៅក្នុងផ្ទះតែមួយជាមួយគ្នា ដោយប្រពន្ធទាំង៤ រស់នៅចុះសម្រុងគ្នាល្អណាស់ មិនដែលឈ្លោះគ្នាទេ ។ ហើយនៅថ្ងៃកើតហេតុ បុរសជាលោកគ្រូថ្នាំខាងលើ បានផឹកស្រវឹង ក៏បានរករឿងឈ្លោះប្រកែកគ្នា ជាមួយ គ្រួសារ ក៏ដូចជាកូនស្រីខ្លួន ដោយមិនដឹងមូលហេតុ ហើយនៅពេលដែលឈ្លោះប្រកែកគ្នាម្ដងៗ មិនដឹងជាយកកាំភ្លើងមកពីណាទេ មកកាន់ជាប់ដៃរហូតធ្វើក្រុមគ្រួសារមានការភិតភ័យ ។
ក្រោយកើតសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ត្រូវម្ចាស់ផ្ទះបិទទ្វារគេចខ្លួនបាត់អស់ លុះព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ដោយគ្មានភាគីណាមកប្តឹងសមត្ថកិច្ចមូលដ្ឋាននោះទេ ដូច្នេះហើយសមត្ថកិច្ចខណ្ឌចំការមនមិនបានឃាត់ខ្លួនជនបង្កនោះទេ ព្រោះមិនមានពាក្យបណ្ដឹងដោយគ្រួសារជនបង្កបានសម្របសម្រួលគ្នាផងដែរ ៕ស រស្មី